ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋនៅភូមិបាក់រនាស់ និងភូមិថ្មីសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានលើកគ្នាតវាជាថ្មី សុំឲ្យសម្តេចតេជោហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយករណីឈ្មោះសំ សាវឿន ភេទប្រុសអាយុ៥៥ឆ្នាំ ជាប្រធានក្រុមហ៊ុន នៅភូមិបាក់រនាស់សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងជីកដីស្រែ ប្រជាពលរដ្ឋ២គ្រួសារយកអាចម៍ដីលុបអូរធម្មជាតិ តាំងពីបុរាណបិទផ្លូវទឹកប្រជាពលរដ្ឋចំនួន២ភូមិ បង្កឲ្យទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅរដូវវស្សា ។
ដោយប្រជាពលរដ្ឋលើកឡើងថា អាជ្ញាធរក្រុងស្វាយរៀងដោះស្រាយរយៈពេល០៣ខែមកហើយ គឺគ្មានលទ្ធផល ហាក់បីដូចមានអ្វីនៅពីក្រោយវាំងននទើបដោះស្រាយមិនចេញ (ចាក់ដីលប់ចំណីព្រែកទន្លេវ៉ៃគោ ធ្វើជាលំនៅឋានសង់ផ្ទះថ្ម សង់រោងកញ្ចុះ ជីកដីស្រែប្រជាពលរដ្ឋ២គ្រួសារយកអាចម៍ដីលុបអូរធម្មជាតិទំហំទទឹង១២ម៉ែត្រ បណ្តោយជិត៣០០ម៉ែត្រ បិទផ្លូវទឹកប្រជាពលរដ្ឋ២ភូមិ) ។ ប្រជាពលរដ្ឋអំពាវនាវសុំឲ្យសម្តេចជួយ។
ករណីនេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ឧសភា ២០២០ នៅលើទីតាំងលប់អូរភូមិបាក់រនាស់ សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង។ បើតាមលោកស្រីសុខ ណន ចៅសង្កាត់សង្ឃ័រ បានឲ្យដឹងថា ឈ្មោះសំសាវឿន បានជីដីរបស់ប្រជាពលរដ្ឋ២គ្រួសារយកអាចម៍ដីលុបអូរសាធារណៈទទឹង១២ម៉ែត្រ បណ្តោយជិត៣០០ម៉ែត្រ អាចបង្កឲ្យលិចលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២ភូមិ ហើយការដោះស្រាយរបស់អាជ្ញាធរក្រុងស្វាយរៀងហាក់បីដូជាយូរ រយៈពេល០៣ខែមកហើយ ចាប់តាំងពីខែកុម្ភៈ ២០២០ មកដល់ថ្ងៃទី២០ឧសភានេះ មិនទាន់បានបញ្ចប់នៅឡើយ ទើបប្រជាពលរដ្ឋលើកគ្នាតវាជាថ្មី ។
រីឯឈ្មោះសំ សាវឿនវិញ បាននិយាយថា ដោយផ្ទះគាត់នៅខាងក្រោយគ្មានផ្លូវចេញ ក៏បានធ្វើសំណើរទៅលោកស្រីចៅសង្កាត់សង្ឃ័រសុំលប់អូរ ធ្វើថ្នល់ប្រវែង៣០០ម៉ែត្រជាផ្លូវសាធារណៈនិងដាក់លូបណ្តោះទឹកជូនប្រជាពលរដ្ឋមុខកាត់១ម៉ែត្រ ក៏ប៉ុន្តែលោកស្រីចៅសង្កាត់មិនព្រមចុះហត្ថលេខាអោយហើយឲ្យសុំទៅលោកអភិបាលក្រុងស្វាយរៀងលោកអភិបាលក្រុងស្វាយរៀងមិនឆ្លើយតបទៀតទើបខ្លួនចាក់ដីលុបអូរតែម្តង។
ទាក់ទិនករណីនេះដែរ លោកអភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា អាជ្ញាធរបានកោះហៅ ឈ្មោះសំសាវឿន និងតំណាងប្រជាពលរដ្ឋចូលទៅដោះស្រាយនៅសាលាក្រុង លទ្ធផលឈ្មោះសំសាវឿនសុំពេល១ខែ គឺគិតចាប់ពីថ្ងៃទី១៥ឧសភាដល់១៥មិថុណា២០២០ ទើបកាយអាចម៍ដីចេញពីអូរនេះឲ្យរួចរាល់ដូច្នេះមកដល់ពេលនេះទើបតែបាន០៥ថ្ងៃនៅ២៥ថ្ងៃទៀតបើមិនព្រមកាយទើបអាជ្ញាធរមានចំណាត់ការ។ចំពោះប្រជាពលរដ្ឋវិញលើកឡើងថាបើរង់ចាំ២៥ថ្ងៃទៀតបានចាត់ការនោះភ្លៀងមកពិតជាលិចលំនៅឋានរបស់ពួកគាត់ជាមិនខានទើបប្រជាពលរដ្ឋនាំគ្នាតវ៉ា និងអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន មេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យអាជ្ញាធរយកគ្រឿងចក្រកាយយកអាចម៍ដីចេញពីអូរបុរាណឲ្យបានឆាប់ ដើម្បីបើកផ្លូវទឹក កុំឲ្យទឹកជនលិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ៕