ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួន ចង់ឲ្យរាជរដ្ឋាភិបាលពិចារណាពិនិត្យលទ្ឋភាពបង្កើតឆ្នោតជាតិដូចបណ្តាប្រទេសមួយចំនួន ដើម្បីប្រមូលថវិកាចូលជាតិ ។
ការលើកឡើងនេះ ដោយសារបច្ចុប្បន្នល្បែងស៊ីសងគ្រប់ប្រភេទនៅកម្ពុជា នៅតែមានវត្តមានដោយសមត្ថកិច្ចនៅតំបន់មួយចំនួនហាក់គ្មានឆន្ទៈលុបបំបាត់តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសល្បែងកន្ទុយលេខ ដែលជាដើមចមមួយនាំឲ្យកើតមានអំពើអសន្តិសុខសង្គមចោរលួច ចោរប្លន់ជាដើម ។
ការមិនអាចបង្រ្កាបនិងលុបបំបាត់ល្បែងកន្ទុយលេខ(ឆ្នោតយួន ឆ្នោតខ្មែរ..) ដោយសារពលរដ្ឋខ្លះចោទសមត្ថកិច្ចមូលដ្ឋាននៅតំបន់ខ្លះយកលុយដាក់ខែពីមេឆ្នោតជាដើម ។
បើតាមការកត់សម្គាល់ ក្នុងមួយថ្ងៃៗលុយរាប់រយរាប់ពាន់លានរៀលបានរត់ចេញពីហោប៉ៅប្រជាពលរដ្ឋចូលមេឆ្នោត ហើយបើថវិកាដែលចូលហោប៉ៅមេឆ្នោតធំៗក្លាយជាឧកញ៉ាទៅហើយនោះ ចូលថវិកាជាតិគឺមានប្រយោជន៍ច្រើនណាស់សម្រាប់យកទៅបន្តកសាងនិងអភិវឌ្ឍន៍ប្រទេស ។
លោក ម៉េត ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលើកឡើងថា ល្បែងកន្ទុយលេខនៅម្តុំផ្ទះលោកក្នុងសង្កាត់សាមគ្គី ខណ្ឌពោធិសែនជ័យ កើតឡើងដុះស្លែ ហើយយូរៗឃើញសមត្ថកិច្ចបង្រ្កាបម្តង ហើយថាការបង្រ្កាបនេះដើម្បីឲ្យមេឆ្នោតបង់លុយតែប៉ុណ្ណោះ លោកបន្តថា រាជរដ្ឋាភិបាលគួរបង្កើតឆ្នោតជាតិចំណេញជាង។
មិនខុសគ្នាប៉ុន្មានពីលោក ម៉េត សម្រាប់មន្រ្តីសុំមិនបញ្ចេញឈ្មោះមួយរូប ក៍លើកឡើងដែរថា បើល្បែងស៊ីសង ពិសេសកន្ទុយលេខមិនអាចលុបបំបាត់បាន ដោយសារតែមន្រ្តីមូលដ្ឋានខិលខូចមួយចំនួនបើកដៃនោះ រដ្ឋាភិបាលគួរពិចារណាបង្កើតឆ្នោតជាតិ ដើម្បីយកថវិកាចូលជាតិទុកសម្រាប់ប្រើប្រាស់ផ្សេងៗ ។
ជុំវិញការលើកឡើងរបស់លោក ម៉េត ក៍ដូចជាគំនិតយោបល់ខាងលើរបស់ប្រជាពលរដ្ឋនិងមជ្ឈដ្ឋានមួយចំនួនដែលចង់ឲ្យរាជរដ្ឋាភិបាលពិចារណាពិនិត្យលទ្ធភាពបង្កើតឆ្នោតជាតិខាងលើ នៅរសៀលថ្ងៃទី៣០ ឧសភា ២០២២នេះ «អង្រុត» មិនអាចរកការសុំបំភ្លឺពីអ្នកនាំពាក្យរដ្ឋបាលសាលាខណ្ឌពោធិសែនជ័យ និងការអត្ថាធិប្បាយពៅអ្នកនាំពាក្យរាជរដ្ឋាភិបាលបានទេ ៕