ម្ចាស់ដីបានពីការដោះដូរឧទ្យានសួនសត្វភ្នំតាម៉ៅ៨០០ហិកតាជានរណា?

ក្រោយការបែកធ្លាយព័ត៌មានជុំវិញរាជរដ្ឋាភិបាលសម្រេចឈ្វៀលដីចំនួន៨០០ហិកតាទៅឲ្យក្រុមហ៊ុនឯកជនឈ្មោះ Khmer Fresh Milk ដើម្បីគ្រប់គ្រង ជាថ្នូរនឹងរដ្ឋទទួលបានដីពីក្រុមហ៊ុនឯកជនវិញចំនួន១១២២ហិកតា មានការចោទសួរគ្នាជាច្រើនក្នុងចំណោមអ្នកចូលចិត្តទទួលទានត្រាវ ខ្លះថាក្រុមហ៊ុនឯកជននោះ​ជាកម្មសិទ្ឋិ​របស់អ្នកឧកញ៉ានេះ ឧកញ៉ានោះ លោកនេះ លោកនោះ និងខ្លះថាមានក្រុមហ៊ុននេះ ក្រុមហ៊ុននោះផ្សេងទៀត .. តើនរណាជាម្ចាស់ដី៨០០ហិកតាបានពីការដោះដូរនោះពិតប្រាកដ ? ។

ងាកទៅស្តាប់អ្នកភូមិរស់នៅក្បែរឧទ្យានសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវនោះវិញ ខ្លះនិយាយ​ហាក់មានការលាក់លៀមដោយថាមិនដឹង ខ្លះថាឃើញលោកនេះ លោកនោះជាថៅកែ ឯអ្នកភូមិខ្លះថាឮគេ​និយាយ​ជារបស់អ្នកឧកញ៉ានេះ ឧកញ៉ានោះ តែបែរជាមានមនុស្សផ្សេងមកអះអាងថាខ្លួនជាម្ចាស់ដីទៅវិញ ។​ចំណែកអ្នកភូមិខ្លះទៀតថា ខ្លួនធ្លាប់ឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឧស្សាហ៍ជិះកន្ទុំរុយមកភ្នំតាម៉ៅ មួយខែ២ទៅ៣ដង ..។

សូមបញ្ជាក់ថា ដីដែលរដ្ឋទទួលបានពីការដោះដូរដីឧទ្យានសួនសត្វភ្នំតាម៉ៅចំនួន១១២២ហិកតានោះ គឺ​៤០០​ហិកតា ស្ថិតក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដី២៥០ហិកតា ស្ថិតក្នុងស្ថានីយ៍អភិវឌ្ឍន៍​ព្រៃឈើ​បន្ទាយ​ស្រី នៃស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប និងដីមួយកន្លែងទៀតទំហំជាង ៤៧២ហិកតា ស្ថិតក្នុង​ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកបណ្ឌិត វេង សាខុន ធ្លាប់បានបកស្រាយប្រាប់លោក​ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថា «ការដោះដូរផ្ទៃដីតំបន់ភ្នំតាម៉ៅ ជាការចាំចាច់របស់រាជរដ្ឋាភិបាល សម្រាប់​ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងផ្តល់បន្ថែម​ទៀតនូវទុនសម្រាប់ការអភិវឌ្ឍគម្រោងយុទ្ធសាស្រ្តនានា ជំរុញ និងកែលម្អឧទ្យានសត្វ និងមជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃភ្នំតាម៉ៅ អាចប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជំរុញ​កំណើនចំណូល​ធានា​និរន្តរភាពផងដែរ»។

ក្រោយការបែកធ្លាយព័ត៌មាននៃការឈ្វៀលដីតំបន់ឧទ្យានសួនសត្វភ្នំតាម៉ៅខាងលើនេះដែរ ពលរដ្ឋមួយចំនួន​បានសម្តែងកង្វល់ពីការដោះដូរដីនេះដោយខ្លាចបាត់បង់សត្វព្រៃជាច្រើនប្រភេទដែលកំពុងជ្រកលើដីទីតាំងកាត់ឈ្វៀលនោះ ពិសេសខ្លាចបាត់បង់លែងបានឃើញសត្វនៅក្នុងឧទ្យានភ្នំតាម៉ៅ ហើយបើចង់ឃើញ ក៍ដូរទៅ​កន្លែងឆ្ងាយពីទីនេះ ។

 

ចំណែកអង្គការសម្ព័ន្ឋមិត្តសត្វព្រៃ ( Wildlife Care )ក៍បានបារម្ភពីការបាត់បង់និងការអភិរក្សសត្វកម្រជាច្រើន​ប្រភេទនៅភ្នំតាម៉ៅនេះដែរ ថែមទាំងបានស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន ពិនិត្យលទ្ឋភាពអន្តរាគមន៍កុំឲ្យ​មានការ​ដោះដូរដីនោះថែមទៀត ៕