រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានសរសេរលិខិត ២ច្បាប់ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីស្នើសុំពន្ធផ្លូវ សរុប ៦,៣៧៤បណ្ណ ដើម្បីបិទលើរថយន្តចំនួន ៦,៣៧៤គ្រឿង ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ ខ.ម គ្រប់គ្រងដោយក្រសួងការពារជាតិ ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារ មិនបានយល់ព្រមតាមការស្នើសុំនេះទេ ហើយតម្រូវឲ្យអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសរបស់ក្រសួងការពារជាតិ ត្រូវធ្វើបញ្ជីឡានទាំងនោះ ឲ្យបានត្រឹមត្រូវ ហើយឡានពាក់ផ្លាកលេខ ខេមរភូមិន្ទ ខ.ម ជាកម្មសិទ្ធិរបស់ឯកជន ត្រូវបង់ពន្ធផ្លូវ ដូចឡានស្លាកលេខធម្មតាដែរ ។
ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា រថយន្តចំនួន ៦,៣៧៤គ្រឿង ដែលពាក់ស្លាកលេខ ខេមរភូមិន្ទ ខ.ម គ្រប់គ្រងដោយក្រសួងការពារជាតិ ដែលអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ បានសរសេរ ដើម្បីស្នើសុំពន្ធផ្លូវ រួមមាន៖ ១.រថយន្តរបស់ក្រសួងការពារជាតិ៖ រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រេអ៊ី ប្រភេទទេសចរណ៍ ចំនួន ៥,២៩៣ គ្រឿង រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រអ៊ី ប្រភេទបែន ចំនួន ១២គ្រឿង រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រេអ៊ី ប្រភេទដឹកទំនិញ ចំនួន១គ្រឿង រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រអ៊ី ប្រភេទក្បាលសណ្តោងរ៉ឺម៉ក ចំនួន៣គ្រឿង រថយន្តជំនួយពីប្រទេសកូរ៉េ ប្រទេសចិន វៀតណាម និងសម្តេចតេជោនាយករដ្ឋមន្ត្រី ចំនួន ៥២០គ្រឿង។ ២.រថយន្ត ដែលពាក់ផ្លាកលេខ ខ.ម មានពណ៌ចម្រុះ ប្រភេទទេសចរណ៍ ចំនួន ៥៤៥គ្រឿង។
បើតាមលិខិត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអោយដឹងថា ទី១ ត្រូវបានអនុញ្ញាតឲ្យលើកលែងពន្ធ ចំពោះយានយន្ត ដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ព ក៏ដូចជា សម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ស្របតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ។
ទី២ តម្រូវឲ្យបង់ពន្ធដូចរថយន្តពាក់ផ្លាកលេខរដ្ឋដទៃទៀត ចំពោះរថយន្តរបស់ក្រសួងការពារជាតិ ដែលពាក់ផ្លាកលេខ រដ្ឋ 06 និងផ្លាកលេខ ខ.ម ដែលបានកត់ត្រាចូលក្នុងបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋ កាន់កាប់ដោយក្រសួងការពារជាតិ ហើយបញ្ជីសារពើភណ្ឌនេះ ត្រូវបានបញ្ជូនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ។ ចំពោះរថយន្តទាំងនេះ ត្រូវបានអនុញ្ញាតឲ្យបង់ពន្ធ ចាប់ពីឆ្នាំ២០២០ តទៅ ដោយលើកលែងប្រាប់ពន្ធត្រឹមឆ្នាំ២០១៩ និងលើកលែងពិន័យទោសទណ្ឌដល់ឆ្នាំ២០២០។
ទី៣ តម្រូវឲ្យបង់ពន្ធដូចរថយន្តឯកជនដទៃទៀត ចំពោះរថយន្ត ដែលជាកម្មសិទ្ធិឯកជន ដែលជ្រកក្រោមផ្លាកលេខ ខ.ម ដោយត្រូវបានអនុញ្ញាតឲ្យបង់ពន្ធ ចាប់ពីឆ្នាំ២០២០ តទៅ ដោយលើកលែងប្រាក់ពន្ធត្រឹមឆ្នាំ២០១៩ និងលើកលែងពិន័យទោសទណ្ឌដល់ឆ្នាំ២០២០ ប៉ុន្តែរថយន្តទាំងនោះ ត្រូវចុះបញ្ជីបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ និងចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងន័យពង្រឹងការគ្រប់គ្រងប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្លឿនការចុះបញ្ជីបង់ពន្ធ ព្រមទាំងចៀសវាងនូវបាតុភាពអសកម្មជាយថាហេតុណាមួយ អគ្គនាយកដ្ឋានពន្ធដារ បានស្នើសុំអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិ ផ្តល់កិច្ចសហការរៀបចំ ដូចខាងក្រោម ៖
1- តារាងស្ថិតិរថយន្ត ព្រមទាំងភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ចំពោះរថយន្ត ផ្លាកលេខ ខេមរភូមិន្ទ ខ.ម ដែលត្រូវបានអនុញ្ញាតឲ្យលើកលែងពន្ធ ចំពោះយានយន្ត ដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ ដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិ ជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ព ក៏ដូចជា សម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ។
2- រៀបចំតារាងស្ថិតិរថយន្ត ព្រមទាំងភ្ជាប់មកជាមួយនូវប័ណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ចំពោះរថយន្ត ដែលតម្រូវឲ្យបង់ពន្ធ ដូចរថយន្តពាក់ផ្លាកលេខរដ្ឋដទៃទៀត ចំពោះរថយន្តរបស់ក្រសួងការពារជាតិ ដែលពាក់ផ្លាកលេខ រដ្ឋ 06 និងផ្លាកលេខ ខ.ម ។
3- ចំពោះរថយន្ត ដែលតម្រូវឲ្យបង់ពន្ធដូចរថយន្តឯកជនដទៃទៀត ចំពោះរថយន្ត ដែលជាកម្មសិទ្ធិឯកជន ដែលជ្រកក្រោមផ្លាកលេខ ខ.ម សូមអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ជំរុញឲ្យម្ចាស់រថយន្តទៅប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលាកំណត់តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ចាប់ពីឆ្នាំ២០២០ តទៅ។ រថយន្តនៅក្នុងចំណុចនេះ ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ជាសាច់ប្រាក់ផ្ទាល់ខ្លួន ។
សូមរម្លឹកថា ការបង់ពន្ធផ្លូវ ឬពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ បានផុតកំណត់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ មន្ត្រីពន្ធដារ សហការជាមួយប៉ូលិសចរាចរណ៍ ចាប់ផ្តើមត្រួតពិនិត្យយានយន្ត ដែលចរាចរណ៍តាមផ្លូវ។
អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ២០២០ បានកើនឡើងលើសផែនការ ដែលបានកំណត់ ចំនួន ៣៥,២% ដោយមានយានយន្តចំនួន ជាង ៧៣ម៉ឺនគ្រឿង បានបង់ពន្ធ។ ក្នុងនោះ មានរថយន្តចុះបញ្ជីថ្មីចំនួនជាង ៩ម៉ឺន ៩ពាន់គ្រឿង ៕