ខេត្តកោះកុង ៖ កប៉ាល់នេសាទធំៗ ប្រើឧបករណ៏ភ្លើងហ្វា និងអួនក្រឡាញឹកល្មើសច្បាប់ ធ្វើសកម្មភាពនេសាទអូសបំផ្លាញមច្ឆជាតិ និងជីវចម្រុះគ្រប់ប្រភេទ នៅក្នុងដែនសមុទ្រ ត្រូវបានប្រជានេសាទអះអាងថា កើតមានជាយូរឆ្នាំមកហើយ មិនដែលឃើញសមត្ថកិច្ចជំនាញណាមួយ ចេញបង្ក្រាបអោយមានប្រសិទ្ធិភាពម្ដងណាឡើយ ។
បើយោងតាមសារព័ត៌មាន Fresh News ចុះផ្សាយថា ក្នុងដំណើរឆ្ពោះទៅកាន់តំបន់កោះស្ដេច ខេត្តកោះកុង កាលពីចុងសប្ដាហ៏កន្លងទៅ របស់ក្រុមនាយខ្វែក ដើម្បីជិះទូកស្ទូចត្រីពេលយប់កំសាន្តលេង បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈមើលទៅឯនាយសមុទ្រមានភ្លើងពណ៌ភ្លឺចិញ្ចាចចិញ្ចែង ពេញផ្ទៃទឹកស្ទើតែដូចទីក្រុងព្រះសីហនុពេលរាត្រី គេមើលពីកណ្ដាលសមុទ្រមកដូច្នោះដែរ ។ ប៉ុន្តែម្ចាស់ទូក ជួលបានប្រាប់ថា ភ្លើងពណ៌ភ្លឺចែងចាំងគួរអោយគយគន់ នៅកណ្ដាលសមុទ្រនោះ មិនមែនជាទីក្រុង ឬភ្លើងបំភ្លឺចេញពីកប៉ាល់ទេសចរណ៏ធុនយគ្សនោះទេ តាមពិតវាជាហ្វូងកប៉ាល់ នេសាទល្មើសច្បាប់ប្រើឧបករណ៏ភ្លើងហ្វាបាញ់ចូលសមុទ្រ ធ្វើអោយមច្ឆជាតិគ្រប់ប្រភេទ ជាពិសេសត្រី មឹក បង្គា ក្ដាម…ខ្វាក់គ្រាប់ភ្នែកហែលលែងរួច ហើយគេប្រើអួនហ៊ុព័ទ្ធចាប់ យកតែម្ដង ។
ម្ចាស់ទូកជួលខាងលើបានបន្តថា ឧបករណ៏នេសាទខាងលើនេះ មិនត្រឹមតែបំផ្លាញមច្ឆជាតិនៅក្នុងសមុទ្រប៉ុណ្ណោះទេ សូម្បីតែផ្កាថ្ម រុក្ខជាតិនៅបាតមុទ្រ និងជីវចម្រុះ ផ្សេងៗក៏ត្រូវបំផ្លាញខ្ទេចខ្ទីគ្មានសល់ដែរ។ នេះ នៅជិតផង (ទូកនៅតំបន់ហ៊ិនដាត) មើលទៅឃើញភ្លើងភ្លឺប៉ុណ្ណឹងហើយ បើចេញទៅកណ្ដាលទៀត សាកទៅដល់តំបន់ខៃដ ម្ដុំកោះឆ្លាម នៅសមុទ្រជ្រៅវិញ ពេលយប់ឡើងភ្លើងភ្លឺចេញពីទូកនេសាទប្រើភ្លើងហ្វា ល្មើសច្បាប់កាន់តែច្រើនជាងនេះ។
អ្នកនេសាទម្នាក់ដែលចតទូកនៅក្បែរកោះស្ដេចបាននិយាយរបៀបលាក់លៀមប្រាប់នាយខ្វែកថា បច្ចុប្បន្ននេះការនេសាទពិបាកណាស់ ព្រោះទូកនេសាទតូចៗមិនហ៊ានចេញទៅ កណ្ដាលសមុទ្រឆ្ងាយៗទេ ព្រោះខ្លាចរលក នេសាទបានតែនៅក្បែរកោះឬនៅតំបន់ ដែលមានថ្មនៅបាតសមុទ្រច្រូងច្រាងប៉ុណ្ណោះ តំបន់ដែលគ្មានថ្មដុះងាយស្រួលអូសអួនគឺត្រូវបាន ពួកកប៉ាល់ល្មើសច្បាប់ទាំងអស់នោះវាទទីនេសាទគ្មានសល់។
ចំណែកទូកយើងតូចៗ ពេលនេសាទជួបទូកល្មើសច្បាប់ធំៗ ត្រូវតែប្រញាប់បើកទូកគេច បើមិនដូច្នោះទេប្រឈមមុខ ទៅនឹងគ្រោះថ្នាក់ដោយសារតែទូកល្មើសច្បាប់ធំៗ វាបើកគៀឬបុក ព្រោះកប៉ាល់នេសាទល្មើសច្បាប់ ត្រូវការទីតាំងផ្ទៃសមុទ្រដែលមិនមានថ្មក្នុងទ្រង់ទ្រាយធំ សម្រាប់ដាក់អួនហ៊ុំព័ទ្ធ អូសយកត្រី មឹកបង្គាជាដើម។
អ្នកនេសាទខាងលើបានត្អូញត្អែរថា ពីមុននៅតាមកោះឬក្បែរៗកោះនៅកណ្ដាលសមុទ្រសំបូរតែជនល្មើសប្រើគ្រាប់បែកបោកដើម្បីចាប់ត្រីប៉ុណ្ណោះ តែបច្ចុប្បន្នត្រីនៅជិតឆ្នេរឬក្បែរកោះកាន់តែខ្សត់ទៅៗ ។
ឥឡូវមកសំបូរទូកប្រើភ្លើងហ្វា អូសអួនល្មើសច្បាប់បន្ថែមទៀតកាន់តែ ធ្វើអោយត្រីក្ដាម បង្គា មឹកស្ទើតែអស់ទៅហើយ ពេលខ្លះ ពួកគាត់នេសាទរកលក់់មិនចង់រួចថ្លៃប្រេងផងនោះទេ។
អ្នកលក់គ្រឿងសមុទ្រនៅកោះស្ដេចមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបថា នៅកោះស្ដេចបច្ចុប្បន្នពិបាករកគ្រឿងសមុទ្រធម្មជាតិលក់ណាស់ ព្រោះតែកប៉ាល់នេសាទ ល្មើសច្បាប់ទាំងអស់នោះ ពេលពួកគេនេសាទ បានមិនបានយកមកលក់អោយប្រជាជនខ្មែរយើងហូបឡើយ គឺគេដឹកយកទៅស្រុកគេអស់ៗ (ថៃ)។
អ្នកលក់ខាងលើបានបន្តថា កប៉ាល់នេសាទល្មើសច្បាប់ភាគច្រើនមិនមែនជារបស់ខ្មែរទេ គឺជារបស់ថៅកែថៃ ព្រោះកប៉ាល់ និងឧបករណ៏នេសាទល្មើសច្បាប់មួយគ្រឿងៗ តម្លៃរហូតដល់រាប់លានបាត អ្នកនេសាទខ្មែរយើងគ្មាន លទ្ធភាពទិញនេសាទឡើយ។
ខាងលើនេះ គ្រាន់តែជាព័ត៌មានស្ដីពីកង្វល់ របស់ប្រជាពលរដ្ឋខ្លះៗ ដែលត្រូវបានសាកសួរដោយនាយខ្វែក ទៅលើម្ចាស់ទូកជួលសម្រាប់ស្ទូចត្រី និងអ្នកនេសាទអ្នកលក់គ្រឿងសមុទ្រនៅ តំបន់កោះស្ដេចត្រួសៗតែប៉ុណ្ណោះ។ ដូច្នេះ សូមមន្ត្រីមានសមត្ថកិច្ចមេត្តាជួយពិនិត្យមើល និងមានវិធានការបង្ក្រាបផង ជាពិសេសរដ្ឋបាលជលផលក្រសួងកសិកម្មតែម្ដង។
រូបភាពនេះត្រូវបានថតដោយទូរស័ព្ឌដៃរបស់នាយខ្វែកផ្ទាល់ កាលពីរាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ គឺថតពីតំបន់ហ៊ិនដាតទៅ ហើយក៏ជាភស្តុតាងល្មើសច្បាស់ជាក់ស្ដែងផងដែរ ៕