ពីម្សិលឆក់គេកំពុងបោសសំរាមមុខផ្ទះផ្អើលពេញFacebook ថ្ងៃនេះប៉ូលិសបង្ហាញមុខ

ជនសង្ស័យ​ជាបក្ខពួក​ចោរឆក់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចូល​ទៅ​ឃាត់ខ្លួន​និង​វ៉ៃ​ខ្នោះ​ដល់​ក្នុងផ្ទះ គឺ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ជន​នេះ​និង​បក្ខពួក​ម្នាក់​ទៀត​ បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.​ក​ពី​បុរស​ម្នាក់​កំពុង​បោស​សំរាម​នៅ​មុខ​ផ្ទះ ។​

​បុរស​សង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ត្រូវ​គេ​អះអាង​ថា​ឈ្មោះ ឃាង វណ្ណៈ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ក្នុង​បុរី​ហុ​ក​ឆេ​ង ភូ​មម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​ក្នុង​ការ​ឃាត់ខ្លួនជនសង្ស័យ​នៅ​ថ្ងៃ​ទី​០៨ តុលា ២០២០​នេះ​ដែរ សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ដែល​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស គឺ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​PCX ពណ៌​ស ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ 1IK-5814 ។​

​សូម​បញ្ជាក់​ថា កាលពី​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​០៧ តុលា ២០២០ ខណៈ​ដែល​បុរស​ម្នាក់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​កំពុង​តែ​បោស​សំរាម​នៅ​មុខ​ផ្ទះ​ម្តុំ​ផ្សារ​ដេប៉ូ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ស្រាប់តែ​លេចមុខ​បក្ខពួកជនសង្ស័យ​ជិះ​ម៉ូតូ​ខាងលើ បាន​មក​ពីក្រោយ​ឆក់​ខ្សែ​.​ក​ពី​បុរស​កំពុង​បោស​សំរាម​នោះ ជិះ​គេចខ្លួន​បាត់​ស្រមោល ហើយ​បើ​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​គេ​បង្ហោះ​ចែកចាយ​ផ្អើល​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​ម្សិលមិញ ពេល​នោះ​គេ​ឃើញ​ជន​រង​គ្រោះ ហាក់ដូច​ស្រឡាំងកាំង​ឈរ​ភាំង​តែ​ម្តង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ដែល​ត្រូវ​កងកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ដង្កោ​ឃាត់ខ្លួន កំពុង​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់ ៕