រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៩ ឧសភា ២០២០ ស្ត្រីកម្មករសំណងមួយក្រុម ត្រូវមេការនៅការដ្ឋានសំណង់ មិនបានបើកលុយឲ្យ ទើបក្រុមកម្មករ ទូរស័ព្ទប្តឹងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អោយជួយអន្តរាគមន៍ផង ។
ក្រោយពីទទួលទូរស័ព្ទដោយផ្ទាល់ពីប្រជាពលរដ្ឋភ្លាម ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាជាបន្ទាន់ ទៅស្នងការរងទទួលខណ្ឌលោកឧត្តមសេនីយ៍ ហ៊ួត ចាន់យ៉ារ៉ាន់ និងលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានដឹកនាំកម្លាំងនគរបាល ចុះដល់ទីតាំងការដ្ឋានសំណង់ដោយផ្ទាល់ ហើយលោកអធិការ បានជួយដោះស្រាយ និងផ្តល់ជាថវិកាមួយចំនួនដល់បងស្រីកម្មករ ដែលមិនមានលុយ សូម្បីទិញបាយបរិភោគ ។
ក្រោយសម្របសម្រួល ម្ចាស់ការដ្ឋានក៏បានយល់ព្រម ផ្តល់ប្រាក់ដែលជំពាក់កម្មករ តាមការដោះស្រាយរបស់លោកអធិការនគរបាលខណ្ឌមានជ័យ ។
ទោះជាយ៉ាងណា បងៗស្ត្រីកម្មករ ពួកគាត់បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់ឯកឧត្តមស្នងការ ដែលបានជួយដល់ពួកគាត់ទាន់ពេល ខណៈដែលពួកគាត់កំពុងតែជួបបញ្ហាប្រឈមលំបាកយ៉ាងនេះ ៕