ខេត្តកំពង់ស្ពឺ ៖ ជារឿងគួរឲ្យរន្ធត់ជាពន់ពេក ដែលមនុស្សមួយក្រុមមានគ្មាន៥នាក់ បានជួបជុំទទួលទានត្រីក្រពត បណ្តាលឲ្យពុលស្លាប់ ២នាក់ ខណៈ៣នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ នេះ បើយោងតាមការឲ្យដឹងពីស្នងការនគរបាលខេត្តកំពង់ស្ពឺ ។
ប្រភពដដែលបានឲ្យដឹងថា ករណីពុលត្រីកំពតនេះ គឺបណ្តាលឲ្យបុរសពីរនាក់ស្លាប់ កាលពីម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែឧសភានេះ នៅក្នុងភូមិមួយ នៃឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលក្នុងនោះជនរងគ្រោះទី ១- ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ២-ឈ្មោះ ហុង សារ៉ាត ហៅប៉ែ អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ឃុំ អភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមកស្នាក់នៅធ្វើការ ភូមិស្រែកិន ឃុំ ត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើ មានមនុស្ស៥នាក់បានហូបត្រីកំពតជាមួយគ្នា ប៉ុន្ដែអកុសល២នាក់បានពុលជួយសង្គ្រោះមិនបានស្លាប់តែម្ដង ចំណែក៣នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងឡើយយពួកគាត់បាននាំគ្នាយកត្រីដែលអូសបានយកមកធ្វើម្ហូបដូចសព្វមួយដង មិនដឹងថា ត្រីកំពតមានឥទ្ធិពលមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យអាចប្រហារជីវិតមនុស្សបាននោះទេ គ្រាន់តែអាចម៍ត្រីកំពត ដែលធ្វើបោះចោលទៅលើដី ត្រូវសត្វមានសត្វ ឆ្កែ ស៊ី ក៏ត្រូវពុលស្លាប់ដែរ (មាន់៧ក្បាល ,ឆ្កែ១ក្បាល) ។
ជនរងគ្រោះដែលបានសង្គ្រោះទាន់ពេលវេលា ១.ឈ្មោះម៉ៅ សេង ហៅយាយឡច ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ២.ឈ្មោះ វណ្ណ ស្រីពេជ្រ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ៣.ឈ្មោះ វណ្ណ សម្ផស្ស ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ។
ជាការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេស សូមមេត្ដាប្រុងប្រយ័ត្នបំផុតចំពោះអាហារប្រចាំថៃ្ង ពិសេសករណីត្រីក្រពត នេះគឺមានមនុស្សពុលស្លាប់មិនតិចនាក់ទេកន្លងមក អ្នកខ្លះបានរស់រានមានជីវិតដោយសារតែការជួយសង្គ្រោះបានទាន់ពេលតែប៉ុណ្ណោះ ៕