សហរដ្ឋអាមេរិក ៖ ខ្សែវីដេអូគួរឲ្យតក់ស្លុត ដែលថតដោយអ្នកឈរមើលនៅល្ងាចថ្ងៃចន្ទទី២៥ ឧសភា បានបង្ហាញពីក្រុមមន្ត្រីប៉ូលីសនៅទីក្រុង Minneapolis ក្នុងរដ្ឋមីនីសូតា បានចាប់បុរសស្បែកខ្មៅម្នាក់ ដាក់ខ្នោះបញ្ជាឲ្យក្រាបលើថ្នល់ដោយយកជង្គង់ សង្កត់កជាប់ រហូតដល់សន្លប់បាត់បង់ស្មារតី ក្រោយមកក៏បានស្លាប់ នេះបើយោងតាមសារព័ត៌មាន dailymail ។
នាយកដ្ឋានប៉ូលីសទីក្រុង Minneapolis បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅយប់ថ្ងៃចន្ទដដែលនោះថា បុរសដែលត្រូវចាប់ខ្លួន មានអាយុ៤០ឆ្នាំ បានស្លាប់ហើយ ។
អ្នកនាំពាក្យប៉ូលីស បាននិយាយថា បន្ទាប់ពីគាត់(ជនរងគ្រោះ)បានចេញពីផ្ទះ គាត់បានតតាំងជាមួយនឹងមន្ត្រីប៉ូលីស ។ មន្ត្រីប៉ូលីសអាចចាប់ជនសង្ស័យដាក់ខ្នោះ ហើយកត់សម្គាល់ឃើញថា គាត់ហាក់ដូចជាមានបញ្ហាសុខភាព ។ បុរសរងគ្រោះដែលមិនបង្ហាញអត្តសញ្ញាណនោះ ត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ Hennepin ជាកន្លែងដែលគាត់បានស្លាប់ក្រោយពេលបញ្ជូនទៅ ។
ដោយឡែក អ្នកឈរមើលម្នាក់ឈ្មោះ Darnella Frazier បានចែករំលែកវីដេអូ នៃឧប្បត្តិហេតុនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលបុរសនោះ ត្រូវបានគេឃើញ ខ្ទប់ទៅនឹងដីអស់រយៈពេលជាង៦នាទី នៅពេលដែលគាត់បានអង្វរ មន្ត្រីប៉ូលិសអោយលែងគាត់ទៅ ដោយសំឡេងថា «សូមមេត្តា ! ខ្ញុំមិនអាចដកដង្ហើមបានទេ!» បុរសពាក់អាវខ្មៅដៃខ្លី ត្រូវបានប៉ូលីសប្រើជង្គង់សង្កត់កជាប់ ។
បុរសរងគ្រោះអង្វរទៀតថា «ក្រពះរបស់ខ្ញុំឈឺណាស់.. ករបស់ខ្ញុំឈឺណាស់.. អ្វីៗទាំងអស់ឈឺណាស់..»។ នៅតែមន្ត្រីប៉ូលិសបន្តលុតជង្គង់លើកញ្ចឹងកបុរសនោះ អស់រយៈពេលជាច្រើននាទី ខណៈពេលដែលគាត់ស្រែកថ្ងូរ ដោយក្តីឈឺចាប់ ដល់ទីបំផុត ។
សាក្សីជាច្រើននាក់ បានជួយស្រែកប្រកែកតវ៉ាជាមួយមន្ត្រីប៉ូលីសពីរនាក់ ដែលកំពុងចាប់ខ្លួននោះ ដែលប្រើប្រាស់កម្លាំងហួសហេតុ ។
សាក្សីម្នាក់បាននិយាយថា យ៉ាងហោចណាស់ឱ្យគាត់ដកដង្ហើមសិនទៅ លោក! គាត់មិនអាចប្រឆាំងនឹងការចាប់ខ្លួនទេ… គាត់ក៏ជាមនុស្សដែរណាលោក ។
មន្ត្រីប៉ូលិសម្នាក់ ក្នុងចំណោមទាំងនោះ បានឆ្លើយតបថា “នេះជាមូលហេតុ ដែលអ្នកប្រើគ្រឿងញៀន” ។
សាក្សីម្នាក់តបវិញថា នេះមិនមែននិយាយអំពីថ្នាំទេ ! អ្នកមើលទៅរាងកាយមើល…លែងកម្រើកហើយ គាត់ជាមនុស្ស ។
នៅក្នុងវីដេអូ រយៈពេលប្រហែល៤នាទី បុរសនោះហាក់ដូចជាចាប់ផ្តើមបាត់បង់ស្មារតី មុនពេលគាត់ មិនឆ្លើយតបអ្វីទាំងអស់ ។ រថយន្តសង្គ្រោះបន្ទាន់មកដល់ ហើយប៉ូលីសបានធ្វើចលនារាងកាយរបស់បុរសម្នាក់នោះ ហើយលើកដាក់រថយន្តសង្គ្រោះបន្ទាន់ បើកចេញទៅ ។
អ្នកឈរមើលឃើញហេតុការណ៏ផ្ទាល់នោះ លោក Frazier និយាយថា “អ្នក(ប៉ូលិស)ពិតជាបានសម្លាប់បុរសនោះមែនហើយ” ។
វីដេអូដ៏រន្ធត់នេះ បង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ក្នុងចំណោមអ្នកទស្សនានៅលើបណ្តាញសង្គម ហើយត្រូវបានគេចែករំលែកច្រើនជាង៣០,០០០ ដង រយៈពេល២០ម៉ោង ។
នៅថ្ងៃអង្គារទី២៦ ឧសភានេះ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃរដ្ឋមីនីសូតា បានចូលរួមជាមួយ FBI ក្នុងការស៊ើបអង្កេតរឿងមួយនេះ ។
មេប៉ូលីសក្រុង Minneapolis លោក Medaria Arradondo បាននិយាយនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃអង្គារនេះថា FBI នឹងដឹកនាំការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ដោយសារតែការរំលោភសិទ្ធិស៊ីវិល ដែលអាចកើតមាន ។
លោក Arradondo បញ្ជាក់ថា ចំពោះមន្ត្រីពាក់ព័ន្ធ ត្រូវបានដាក់ឲ្យឈប់សម្រាកផ្នែករដ្ឋបាល ដែលមានប្រាក់ខែ តាមពិធីការរបស់នាយកដ្ឋាន ។ មន្ត្រីប៉ូលិសពីរនាក់ ដែលពាក់ព័ន្ធនោះនៅតែទទួលបានប្រាក់ខែ ប៉ុន្តែមិនមានកាតព្វកិច្ចអនុវត្តច្បាប់ទេ ៕