លែងឃើញទៀតហើយ ដើមឈើធំៗអាយុជាង៣០០ឆ្នាំនៅផ្លូវភ្លោះមន្ទីរពេទ្យអង្គឌួង

បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​ចាប់ផ្តើម​កាប់​បំផ្លាញ​ចោល​នូវ​ដើមឈើ​ធំ​ៗ​ចំនួន​៣​ដើម​ក្នុង​ចំណោម​ដើមឈើ​ប្រមាណ​៥០​ដើម ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ នៅ​ផ្លូវភ្លោះ​ក្បែរ​សួន​កា​ណា​ឌី​យ៉ា​និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។​

​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំ​ៗ​និង​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ​ខាងលើ​នេះ គឺ​អាជ្ញាធរ​លើក​ឡើង​ថា ដើម្បី​ការពារ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ព្រោះ​ដើមឈើ​ចំណាស់​ៗ​ទាំងនោះ​នឹង​អាច​មាន​ហានិភ័យ​នៅ​ថ្ងៃ​ណាមួយ ។​

​បើ​តាម​ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ លោក សំ សា​មុត បាន​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា​ដើមឈើ​ធំ​ៗ​នៅ​សួន​កា​ណា​ឌី​យ៉ា​មុខ​ពេទ្យ​ព្រះ​អង្គឌួង​នេះ មាន​ប្រមាណ​៥០​ដើម និង​មាន​អាយុកាល​ប្រមាណ​ជាង ៣០០​ឆ្នាំ​មក​ហើយ ហើយ​ថា​ក្រោយ​ពី​កាប់​យក​ចេញ​ហើយ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ដាំ​ដើមឈើ​ថ្មី​ជំនួស​វិញ​។ ចំណែក​ដើមឈើ​ដែល​នៅ​សល់ ក្រៅពី​៣​ដើម​នេះ អង្គភាព​របស់​លោក នឹង​កាត់​លះ​មែក​ចេញ​ផង​ដែរ ដើម្បី​កាត់​បន្ថយ​ទម្ងន់​ដើមឈើ​៕