ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដែលមានប្ដីជាជនពិការភ្នែកទាំងសងខាង បានលួចលាក់ផិតក្បត់ប្តី ឧស្សាហ៍រួមមេត្រីជាមួយលោកមេភូមិអស់រយៈពេល៥ឆ្នាំមកហើយនោះ ទីបំផុត ពួកគេណាត់គ្នារួមរ័កដូចសព្វមួយដង នៅកន្លែងថ្លុកក្របីក្បែរខ្ទមចាំចំការមួយកន្លែង ភូមិក្រាំងកន្ទ្រោល ខណៈកំពុងរួមភេទស្រាប់់តែខាងស្រីមានអាការមិនស្រួលក្នុងខ្លួន រហូតសន្លប់បាត់ស្មារតី ក៏ត្រូវភាគីខាងប្រុសជាលោកមេភូមិ ដុតសម្លាប់ចោលដើម្បីបំបាត់ដានតែម្តង ។
ហេតុការណ៍ដុតសម្លាប់ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២០ លុះដល់វេលាយប់ថ្ងៃដដែល ទើបគេប្រទះឃើញសពស្ត្រីរងគ្រោះស្លាប់នៅក្នុងខ្ទមចាំចម្ការមួយកន្លែង នៅចំណុចសែនណី ក្នុងភូមិក្រាំងកន្ទ្រោល ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយដងខ្លួន ត្រូវបានភ្លើងឆេះមួយកំណាត់ផ្នែកខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះ ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន ដែលមានតួនាទីជាមេភូមិ ផងដែរ ។
បើយោងតាមមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោកវីរសេនីយ៍ទោ ហង្ស សុជាតិ បានអោយដឹងថា ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថហៅមកសាកសួរនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានឈ្មោះ ញេប សុខុម ហៅ(កុំ) អាយុ៦៧ឆ្នាំ ជាមេភូមិក្រាំងកន្ទ្រោល ។ ចំណែកឯស្ត្រីរងគ្រោះ មានឈ្មោះ ជា ថន អាយុ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងមានប្ដីជាជនពិការភ្នែកទាំងសងខាង ថែមទៀត។
លោកបានបន្តថា ក្រោយហៅលោកមេភូមិ ញេប សុខុម នាំមកធ្វើការសាកសួរតាមជំនាញរួចមកនៅថ្ងៃទី២៨ មិថុនា ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួន ដោយជនសង្ស័យព្រមសារភាពថា រូបគាត់ពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រាកដមែន ។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជនសង្ស័យជាមេភូមិ បានរៀបរាប់អោយដឹងថា រូបលោកនិងស្ត្រីរងគ្រោះធ្លាប់ លួចលាក់មានទំនាក់ទំនងស្នេហារជាមួយគ្នា ជាយូរមកហើយមិនតិចជាង ៥ឆ្នាំទេ ។ ជនសង្ស័យបន្តថា នៅថ្ងៃកើតហេតុនោះ ក្នុងភូមិមានពិធីភ្ជាប់ពាក្យមួយ ដោយលោក និងស្ត្រីរងគ្រោះ ក៏បានមកចូលរួម ក្នុងពិធីភ្ជាប់ពាក្យនោះ ជាមួយគ្នាផងដែរ ។ លុះចប់ពិធីភ្ជាប់ពាក្យ ស្ត្រីរងគ្រោះ បានជិះម៉ូតូទៅចាំមុន នៅចំណុចស្រែណី ហើយបានទូរស័ព្ទមករូបលោក ណាត់ជួបគ្នានៅទីនោះ ។
លោកមេភូមិ បន្ថែមទៀតថា បន្ទាប់មករូបលោកក៏ជិះម៉ូតូទៅដល់ នាម៉ោងប្រហែលជា ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២១ មិថុនា ២០២០ ក្រោយពីបានជួបគ្នាហើយ រូបលោកនិងនាងបានរួមរ័ក្សជាមួយគ្នាដូចសព្វមួយដង លើកនេះពួកយើងបានរួមរ័ក្សគ្នានៅក្នុងថ្លុកក្របីគ្មានទឹកមួយកន្លែង ។ នៅពេលដែលកំពុងរួមភេទនោះ ស្រាប់តែស្ត្រីរងគ្រោះ មានអាការកន្ត្រាក់ដៃជើង និងសន្លប់បាត់ស្មារតី ឃើញដូច្នេះ រូបលោកក៏បានជួយធ្វើចលនា ដោយរឹតទ្រូង នឹងគក់ច្របាច់ធ្វើសសៃអោយអស់រយៈពេលជាច្រើននាទីដែរ ប៉ុន្តែស្ត្រីរងគ្រោះនៅតែមិនដឹងខ្លួនទៀត ទើបលោកបីជនរងគ្រោះ យកទៅដាក់នៅក្នុងខ្ទមចាំចំការ ដែលមានចម្ងាយប្រមាណជា៣០ម៉ែត្រ ពីកន្លែងថ្លុកក្របី ។
ជនសង្ស័យ បានបញ្ជាក់ថា ពេលទៅដល់ខ្ទមចាំចំការ រូបលោកខ្លាចបែកការណ៍ ក៏ទៅរើសកំទេចកម្ទីឈើ អង្កាម និងស្លឹកត្នោត មកគរពីលើស្ត្រីរងគ្រោះហើយយកកេះដែក មកដុត សម្លាប់ចោល ដើម្បីបំបាត់ភស្តុតាងតែម្ដង ។ ក្រោយដុតឃើញថា ជនរងគ្រោះឆេះហើយនោះ រូបលោកក៏បានជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ តែម្តង ។ រំលងបានជិត១សប្តាហ៍ ទើបសមត្ថកិច្ចហៅរូបលោកមកសាកសួរ និងឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីជំនាញនៃកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕