ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ ២៩៤ ចាប់ពីភ្លើងស្តុបផ្សារកាប់គោចុះមកចំណុចប្រសព្វផ្លូវប៉ាស្ទ័រហាក់កំពុងត្រូវបណ្តាសាខាងអគ្គិសនី ខ្សែកាប ខ្សែអុបតិច ខ្សែបណ្តាញផ្សេងៗ ព្រោះក្នុងរយៈពេលមិនដល់មួយខែផង មានការជីកគាស់កប់ខ្សែភ្លើង ខ្សែបណ្តាញអេឡិចត្រូនិចផ្សេង មួយចេញមួយចូលដូចតួល្ខោន មិនដឹងខាងណាជាខាងណី រំខានការចេញចូលធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់លែងចង់និយាយរិះគន់ រហូតពលរដ្ឋខ្លះនិយាយថា ខ្លួនដូចត្រូវបណ្តាសាភ្លើងនិងខ្សែបណ្តាញផ្សេងៗ ។
កាលពីខែមុន (ឧសភា) ប្រភពបានឲ្យដឹងថា ការជីកកាយនិងកប់ខ្សែភ្លើងនៅបណ្តោផ្លូវ២៩៤ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន គឺតចូលទៅក្រុមហ៊ុនមួយនៅតំបន់កោះពេជ្រ មិនមែនជាការភ្ជាប់បណ្តាញរបស់រដ្ឋនោះទេ ។
អ្វីដែលជាការកត់សម្គាល់ ពេលខាងភ្លើងកប់ខ្សែភ្លើង គឺការបង្ហាប់និងអ៊ុតកៅស៊ូឡើងវិញ មិនបានល្អ បណ្តាលឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះថែមទៀត ។ ការកប់មិនទាន់បានប៉ុន្មានថ្ងៃផង ក៍មានការជីកគាស់កប់បន្តជាហូរហែ ហើយព្រឹកនេះក៍មានការជីកកប់ខ្សែបណ្តាញ មិនដឹងជាបណ្តាញស្អី សួរនាំក៍គ្មានអ្នកណាប្រាប់ ។ ឯខាងអាជ្ញាធរនោះវិញ ហាក់មិនរំខានពួកគាត់ អត់ខ្វល់ចង់ជីក គាស់និងកប់អីកប់ទៅ សំខាន់កុំឲ្យតែកប់អញ …។
មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក៍ដូចជាខាងជីកគាស់កាយនិងកប់ ៕