រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣០ មិថុនានេះ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែកក្កដា ឆ្នាំ២០២០ តំបន់មួយចំនួន នៅក្នុងប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំង ហើយមានបាតុភូតធម្មជាតិផងដែរ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះផ្សាយ បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលអាកាសធាតុជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ខ្យល់ម៉ូស្សុងនិរតីបក់ខ្លាំងជាមួយ នឹងជ្រលងនៃប្រព័ន្ធសម្ពាធទាបបង្កើតឱ្យមានឥទ្ធិពលនៅលើប្រទេសកម្ពុជា ។
ក្រសួងបន្តថា ស្ថានភាពបែបនេះធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើនព័ត៌មានផ្នែកមួយចំនួននឹងអាចមានភ្លៀងធ្លាក់ខ្លាំងផងដែរ ។ ចំណែកខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងអាចមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ហើយតំបន់នៅបណ្ដាលខេត្តជាប់មាត់សមុទ្រវិញក៏នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ៕