ចាប់តាំងពីឆ្នាំ២០០០ដល់ឆ្នាំ២០១៩ ព្រៃឡង់បានបាត់បង់ប្រមាណ ៤៧ ៤០០ហិកតា ក្នុងនោះគ្រាន់តែនៅឆ្នាំ២០១៩ បាត់បង់ ៧៥១០ហិកតា កើនលើស៧៣% បើធៀបទៅនឹងឆ្នាំ២០១៨ ។
នេះបើយោងតាមរបាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ។
បើតាមរបាយការណ៍ដដែល ការកាប់បំផ្លាញព្រៃឈើដ៍ច្រើនបំផុតក្នុងតំបន់ការពារព្រៃឡង់ គឺនៅក្នុងឆ្នាំ២០១៦ ដែលបំផ្លាញរហូតទៅដល់ជាង១ម៉ឺនហិកតា ។
របាយការណ៍បញ្ជាក់ទៀតថា ការបាត់បង់ព្រៃឈើក្នុងប្រទេសកម្ពុជាមានទំហំជាងគេបំផុតទី១០លើពិភពលោក គឺចាប់តាំងពីឆ្នាំ២០០០មក កម្ពុជាបានបាត់បង់ព្រៃឈើជាង២លានហិកតា ស្មើនឹង២៦%នៃព្រៃឈើសរុប។
សូមបញ្ជាក់ថា ព្រៃឡង់មានផ្ទៃដីសរុបប្រមាណ៥០ម៉ឺនហិកតា ដោយគ្របដណ្តប់ក្នុងខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និង ខេត្តស្ទឹងត្រែង ។
មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ជុំវិញរបាយការណ៍ដែលស្រាវជ្រាវដោយសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ខាងលើនេះ ប៉ុន្តែលោក នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុកថា រដ្ឋាភិបាលមិនមានភាពចាំបាច់ក្នុងការឆ្លើយតបនឹងរបាយការណ៍នេះទេ តែថារដ្ឋាភិបាលមានការតាំងចិត្តខ្ពស់ក្នុងការថែរក្សាការពារព្រៃឡង់ ៕