លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «រឿងដីធ្លី ត្រូវតែជម្រះគ្នាម្តង ។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ ។ » ។
ការថ្លែងរបស់លោក ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រនេះ ។
បើតាមលោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលស្រង់ប្រសាសន៍លោក ហ៊ុន សែន សរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងអត្ថន័យខាងលើនេះ គឺការទាញដាវអាជ្ញាសឹកមកកាប់នេះ ក្រោយពាក់ព័ន្ឋបញ្ហាជម្លោះដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថា សូមបញ្ជាក់ថា សំណុំរឿងជម្លោះដីធ្លីនៅស្រុកគាស់ក្រឡ បានធ្វើឲ្យរបូតតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួន ក៍ដូចជាអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនផងដែរ ក្នុងនោះរួមមានលោក លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង លោកឧកញ៉ា សង ថន និងកាលពីល្ងាចមិញលោកផ្កាយ៣ សៀន សុវណ្ណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ក៍ត្រូវបានលោក ហ៊ុន សែន បញ្ចប់តំណែងផងដែរ ។
តើសំណុំរឿងដ៍កក្រើកមួយនេះ មានមន្ត្រីជាន់ខ្ពស់ណាខ្លះទៀត ដែលអាចនឹងមានការពាក់ព័ន្ឋ ។
គួររំឮកថា សំណុំរឿងជម្លោះដីធ្លីនៅកម្ពុជា គឺបានកើតមានឡើងជាច្រើនឆ្នាំមកហើយចាប់តាំងពីតម្លៃដីធ្លីបានហក់ឡើងយ៉ាងគំហុកពីឆ្នាំ២០០៧-២០០៨ រហូតមកទល់នឹងបច្ចុប្បន្ន ហើយក្នុងនោះតាមប្រព័ន្ឋផ្សព្វផ្សាយ មានមន្ត្រីជាន់ខ្ពស់មានអំណាច និង អ្នកមានទ្រព្យសម្បត្តិ ឧកញ៉ាមួយចំនួនមានការពាក់ព័ន្ឋការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋនិងដីសាធារណរបស់រដ្ឋជាដើម ៕