លោកប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន បានចេញបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋរស់នៅលើទីតាំងដីដែលជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋ ដូចជានៅកោះកុង ព្រះវិហារជាដើម…ដែលមានពលរដ្ឋបានមកធ្វើផ្ទះរស់នៅជាងដប់ម្ភៃឆ្នាំមកហើយ។
បញ្ជារបស់លោក ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងនៅ
ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នាព្រឹកថ្ងៃទី០៣ កក្កដា ២០២០ ។
បើតាមលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ «កន្លងមក រដ្ឋមានតែដីក្នុងផែនទីទេ តាមពិតមានបងប្អូនប្រជាពលរដ្ឋបានកសាងលំនៅដ្ឋានរស់នៅបង្កើតកូនចៅរាប់សិបឆ្នាំមកហើយនៅលើទីតាំងដីទាំងនោះ។ នេះជាការដោះស្រាយកង្វល់ជូនពលរដ្ឋពិតប្រាកដ។ កុំទុកប្រជាពលរដ្ឋអោយភ័យខ្លាច អត់ឃ្លាន រត់ទៅចំណាកស្រុកគេតទៅទៀត។ ទន្ទឹមនឹងនេះ សូមកុំអោយពលរដ្ឋពង្រីកថែមទៀត ព្រោះត្រូវការរក្សាទុកព្រៃសហគមខ្លះនៅជិតៗដើម្បីជាប្រយោជន៍សហគមរស់នៅផងដែរ។ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដី ត្រូវដោះស្រាយអោយដាច់ស្រេចក្នុងតែប៉ុន្មានខែខាងមុខដើម្បីចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋ ហើយកិច្ចការនេះត្រូវធ្វើអោយបានហ្មត់ចត់និងត្រឹមត្រូវបំផុត»៕