ដូចទើបភ្ញាក់ពីដំណេក ! លោក ហ៊ុន សែន ថារឿងដីធ្លីត្រូវធ្វើការវះកាត់

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា «​រឿង​ដីធ្លី ត្រូវ​តែ​ជម្រះ​គ្នា​ម្តង ។ ពេល​នេះ ជា​ពេល​ដែល​ត្រូវ​ធ្វើការ​វះកាត់​ហើយ ។ » ។​

​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ។​

​បើ​តាម​លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែល​ស្រង់​ប្រសាសន៍​លោក ហ៊ុន សែន សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​អត្ថន័យ​ខាងលើ​នេះ គឺ​ការ​ទាញ​ដាវ​អាជ្ញាសឹក​មក​កាប់​នេះ ក្រោយ​ពាក់​ព័​ន្ឋ​បញ្ហា​ជម្លោះដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង ។​

​សូម​បញ្ជាក់​ថា សូម​បញ្ជាក់​ថា សំណុំរឿង​ជម្លោះដីធ្លី​នៅ​ស្រុក​គាស់​ក្រឡ បាន​ធ្វើ​ឲ្យ​របូត​តំណែង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន ក៍​ដូច​ជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នាំ​ខ្លួន​ផង​ដែរ ក្នុង​នោះ​រួម​មាន​លោក លោក ម៉ៅ សុ​ចាន់ អភិបាលស្រុក​គាស់​ក្រឡ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង លោក​ឧកញ៉ា សង ថន និង​កាលពី​ល្ងាច​មិ​ញ​លោក​ផ្កាយ​៣ សៀន សុ​វ​ណ្ណា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​សវន​កម្ម​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ក៍​ត្រូវ​បាន​លោក ហ៊ុន សែន បញ្ចប់​តំណែង​ផង​ដែរ ។​

​តើ​សំណុំរឿង​ដ៍​កក្រើក​មួយ​នេះ មាន​មន្ត្រីជាន់ខ្ពស់​ណាខ្លះ​ទៀត ដែល​អាច​នឹង​មានការ​ពាក់​ព័​ន្ឋ ។​

​គួរ​រំ​ឮ​កថា សំណុំរឿង​ជម្លោះដីធ្លី​នៅ​កម្ពុជា គឺ​បាន​កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​ចាប់តាំងពី​តម្លៃ​ដីធ្លី​បាន​ហក់​ឡើង​យ៉ាង​គំហុក​ពី​ឆ្នាំ​២០០៧-២០០៨ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន ហើយ​ក្នុង​នោះ​តាម​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ មាន​មន្ត្រីជាន់ខ្ពស់​មាន​អំណាច និង អ្នកមាន​ទ្រព្យសម្បត្តិ ឧកញ៉ា​មួយ​ចំនួន​មានការ​ពាក់​ព័​ន្ឋ​ការ​រំលោភ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​និង​ដី​សាធារណ​របស់​រដ្ឋ​ជាដើម ៕