អាជ្ញាធរខណ្ឌចំការមានបានអះអាងថាខ្លួនគ្មានជម្រើសអ្វីក្រៅពីការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនទាំងឡាយណា ដែលជួបជុំគ្នាចូលរួមរំឮកខួប៤ឆ្នាំនៃអំពើឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខណ្ឌចំការមនបានបញ្ជាក់ថា ការមិនអនុញ្ញាតឲ្យមានការជួបជុំរំឮកខួបនៃការបាញ់សម្លាប់លោក កែម ឡីនេះ ធ្វើឡើងតាមសំណើរបស់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធៈកាល់តិច ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមច្បាប់ស្តីពីបាតុកម្មនិង ស្ថានភាពជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកលដោយក្រសួងសុខាភិបាលបិទការប្រមូលផ្តុំជួបជុំគ្នាទូទាំងប្រទេស ។
សូមរំឮកថា អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកព្រលឹមថ្ងៃទី១០ កក្កដា ២០១៧ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេនៅក្នុងម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយមកអាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះអឿត អាង ហៅ ជួប សម្លាប់ និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៍ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារអស់មួយជីវិត ។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនតូចនៅតែមានមន្ទិល ហើយថា ជួប សម្លាប់ គឺជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ ៕