លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជាឧត្ដមប្រឹក្សាសម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក និងស្ថាប័នថេរសភានៃពុទ្ធសាសនាក្នុងព្រះរាជាណាចក្រកម្ពុជា។
នេះបើយោងអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពិធីប្រកាសចូលកាន់តំណែងខាងលើ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៨ កក្កដា ២០២០ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹម ហេង សម្ដេចសង្ឃនាយករងទី១ និងជាព្រះប្រធានស្ថាប័នថេរសភា នៃពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និងលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ។
បើតាមលោករដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឈិត សុខុន បានឲ្យដឹងថា ការតែងតាំងតួនាទីជូនលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដើម្បីឲ្យជួយសម្រួលការងារមួយចំនួន ដូចជាការងារសន្តិសុខ ការងារការទូត និងកម្លាំង ក្នុងការចុះជួយការងារមនុស្សធម៌ការដោះស្រាយបញ្ហាផ្សេងៗក្នុងវិស័យពុទ្ធចក្រ និងម្យ៉ាង លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាពុទ្ធសាសនូបត្ថម្ភកមួយរូបដ៍កម្រ ជាអ្នកសម្របសម្រួលការងារ ពុទ្ធសាសនាទាំងគណៈធម្មយុត្តិ និង គណៈមហានិកាយ ផ្អែកតាមបទពិសោធន៍ ឯកឧត្ដម មានទេព្យកោសល្យ ខ្ពស់ ប្រកបដោយឆន្ទៈ ជាអ្នកគោរព ស្រលាញ់ បម្រើ និងការពារ ជាគុណប្រយោជន៍ដល់វិស័យពុទ្ធសាសនាពិតៗ ក្នុងការបំពេញកិច្ចការកន្លងមក តែងតែទទួលបានជោគជ័យ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានជាដ៍រាបរៀងមក៕