មន្ត្រីយោធាម្នាក់បានស្បថថានឹងមិនទិញរថយន្តអត់ពន្ឋជិះទៀតទេ ដោយសារមន្ត្រីរូបនោះ ត្រូវបានមន្ត្រីគយចាប់រថយន្តស៊េរីទំនើបម៉ាក Lexus 570 ផលិតឆ្នាំ២០១៥ គេចពន្ឋ ហើយត្រូវគយឲ្យបង់ពន្ឋចំនួន១០០% និងពិន័យ១០% នៃតម្លៃរថយន្ត សរុបត្រូវបង់ចំនួន ១០២៣០៣ ដុល្លារ។
បើតាមលោក លឿង ហុង ជាមន្ត្រីយោធាបានបញ្ជាក់ទៀតថា រថយន្តរបស់ទើបជិះបានជិត១ខែប៉ុណ្ណោះ ។
សូមបញ្ជាក់រថយន្តរបស់លោក លឿង ហុង នេះដែរ ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់លក់កាលពីថ្ងៃទី០៨ កក្កដា ២០២០ កន្លងទៅនេះ ជាមួយរថយន្តគេចពន្ធជាច្រើនគ្រឿងទៀតដែលត្រូវបានមន្ត្រីគយបង្ក្រាបបាននាពេលកន្លងមក ប្រសិនបើរយៈពេល៦០ថ្ងៃទៀត ម្ចាស់រថយន្តគេចពន្ធទាំងនោះ មិនចូលខ្លួនដោះស្រាយ។
សូមបញ្ជាក់ដែរថា កន្លងមកមានរថយន្តស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានគេដឹងថាជាប្រភេទគេចពន្ឋ ហើយដើម្បីគេចវេសពីការបង់ពន្ឋ ម្ចាស់រថយន្តមួយចំនួនបានបំពាក់ស្លាកលេខ ន.ប(នគរបាល) ឬ ខ.ម(ខេមរភូមិន្ទ) ធ្វើឲ្យមានការរិះគន់ជាច្រើនពីសំណាក់ប្រជាពលរដ្ឋ ៕