ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ហៅកាត់ថា អូ.ស៊ី.អាយ.ស៊ី (Overseas Cambodian Investment Corporation) របស់មហាសេដ្ឋីដ៏មានឥទ្ធិពល គឺលោកឧកញ៉ា ពុង ឃាវសែ បាននិងកំពុងធ្វើសកម្មភាពចាក់ខ្សាច់ និងចាក់ថ្ម លុបទន្លេមេគង្គ ដើម្បីពង្រីកដីនៅតំបន់កោះនរា សម្រាប់បង្កើតទីក្រុងរណបថ្មីមួយទៀត បន្ទាប់ពីទីក្រុងកោះពេជ្រ ។
ផ្ទៃទឹកទន្លេដែលត្រូវចាក់លុបមានទទឹង ៤០០ ទៅ ៥០០ម៉ែត្រចាប់ពីច្រាំងទន្លេ និងបណ្ដោយមានប្រវែងខ្ទង់ ៤គីឡូម៉ែត្រ ដែលគិតជាផ្ទៃក្រឡាអាចលើសពី១០០ហិកតារ។
បើតាម RFA ថ្មសម្រាប់ចាក់លុបទន្លេមេគង្គនេះ គឺបានមកពីការវាយបំបែកភ្នំ នៅក្នុងខេត្តកំពង់ស្ពឺ ហើយប្រើប្រាស់ឡានជាច្រើនគ្រឿងដឹកមកទម្លាក់នៅតំបន់ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកខ្សាច់វិញ គឺក្រុមហ៊ុនប្រើប្រាស់ម៉ាស៊ីនខ្នាតធំជាច្រើនគ្រឿងបូមនៅតាមដងទន្លេមេគង្គផ្នែកខាងលើ ស្ថិតនៅក្នុងស្រុកមុខកំពូលនោះដែរ។
ប្រភពបន្តថា ជារៀងរាល់ថ្ងៃចាប់ពីព្រឹកព្រលឹមរហូតដល់ពាក់កណ្តាលយប់ គឺមានសាឡង់ធំៗប្រមាណ៣០ គ្រឿង តែងតែដឹកជញ្ជូនថ្ម និងខ្សាច់ពីស្រុកមុខកំពូលនោះ ដើម្បីចាក់លុបទន្លេមេគង្គនៅតំបន់កោះនរា។ នៅជុំវិញតំបន់ទន្លេមេគង្គ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុងចាក់ដំថ្ម និងខ្សាច់លុបនោះ គឺក្រុមហ៊ុនបានសាងសង់របងខ្ពស់ បិទជិតដោយកន្លែងៗ និងថែមទាំងពង្រាយកម្លាំងសន្តិសុខជាច្រើនកន្លែង ដើម្បីយាមកាមនៅតំបន់នោះយ៉ាងតឹងរ៉ឹងទៀតផង។
បើទោះបីជាមានសកម្មភាពចាក់ដី ចាក់ថ្ម និងខ្សាច់លុបទន្លេមេគង្គយ៉ាងធំសម្បើម ដើម្បីពង្រីកទំហំដីកោះនរាក៏ដោយ ក៏តំណាងក្រុមហ៊ុនអភិវឌ្ឍ និងក្រុមមន្ត្រីរដ្ឋាភិបាល មិនអាចឆ្លើយបំភ្លឺអ្វីបានច្រើនទេអំពីគម្រោងដ៏មហិមានេះ ៕