បទល្មើសព្រៃឈើក្នុងតំបន់ដែនជម្រកការពារសត្វកែវសីមានៅតែកើតមាន

បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី​នៅ​តែ​បន្ត​កើត​មាន ជាក់ស្តែង​កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២២ កក្កដា​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ដែល​ដឹក​ចេញ​តំបន់​ដែន​ការពារ​សត្វព្រៃ​កែវ​សីមា ។​

​ប្រភព​បន្ត​ថា រថយន្ត​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នេះ​ម៉ាក​កាម​រី​ឆ្លាម ព៌​ណ​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ដោយ​ដឹកឈើ​ប្រភេទ​សុ​ក្រំ​ចំនួន​០៣​ដុំ ការ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​នៅ​មុន​ពេល​បង្ក្រាប សមត្ថកិច្ច​បាន​ដាក់​ល្បាត​តាម​គោលដៅ​ដែល​ជនល្មើស​តែង​តាំ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ស្រាប់តែ​រថយន្ត​កាម​រី​ឆ្លាម​ខាងលើ ឃើញ​ក៍​បម្រុង​បើក​រត់គេច តែ​មិន​គេច​បែរជា​បើក​បំ​បុក​រថយន្ត​របស់​លោក ហឿ​ន សុខ​ណា អភិបាលរង​ស្រុក​កែវ​សីមា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​រង​របួសធ្ងន់ និង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ចាប់​បាន​រថយន្ត​ដឹកឈើ​ហើយ​នោះ សមត្ថកិច្ច​ក៍បាន​រក​ឃើញ​ឈើ​ប្រណីត​មួយ​ចំនួន​ផ្សេង​ទៀត​នៅផ្ទះ​មួយ​ក្បែរ​កន្លែង​កើតហេតុ ។ បើ​តាម​សមត្ថកិច្ច​ផ្ទះ​ដែល​លួចលាក់​ផ្ទុក​ឈើ​ប្រណីត​ដើម្បី​នាំ​ចេញ​នេះ​ជាក​ម្មសិ​ទ្ឋិ​របស់​ឈ្មោះ ណា​ង តែ​ស៊ា​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ហើយ​ឈើ​ដែល​រក​ឃើញ​នៅ​ក្រោយ​ផ្ទះ​ឈ្មោះ ណា​ង តែ​ស៊ា​ន ស្ថិត​ក្នុងភូមិ​ឡា​ប៉ា​ខេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា រួម​មាន​ឈើ​គគីរ​០៦​ដុំ និង​សុ​ក្រំ ២៨​ដុំ ។ ប្រតិបត្តិការ​នេះ ក៍​មានការ​ចូលរួម​ពី​លោក អ៊ា​ង សុ​គ​ន្ឋ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ។​

​បច្ចុប្បន្ន​ឈើ​ដែល​រឹបអូស​បាន​ទាំងនោះ សមត្ថកិច្ច​បាន​ដឹក​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕