ក្រុមអ្នកតាមដានសង្គមមួយចំនួនបានសម្តែងការរីករាយចំពោះការតែងតាំងយុវជន យុវនារីក្មេងៗឲ្យឡើងកាន់តួនាទីនិងមុខតំណែងខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ប៉ុន្តែក៍មានមតិខ្លះរិះគន់ចំពោះការតែងតាំងក្មេងៗឡើងកាន់ការរាជការក្នុងតំណែងខ្ពស់ៗ ដោយសារក្មេងខ្លះមានតែចំណេះ តែខ្វះបទពិសោធន៍ ដែលអាចធ្វើឲ្យចង្វាក់ការងារមានភាពប្រទាំងប្រទើសខ្លះៗជាដើម ។
ការលើកឡើងរបស់ក្រុមអ្នកតាមដានសង្គមមួយចំនួនខាងលើ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាតែងតាំងកញ្ញា សេរី បូរាពេជ្រ ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នេះបើយោងតាមព្រះរាជក្រឹត្យដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនៅរសៀលថ្ងៃទី២២ កក្កដា ២០២០នេះ ។
មួយរយៈចុងក្រោយនេះ គេកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជាបានតែងតាំងក្មេងៗដែលជាកូនក្មួយមន្ត្រីជាន់ខ្ពស់គណបក្សជាច្រើនរួបឲ្យកាន់តំណែងចាប់ពីប្រធាន អនុប្រធាននាយកដ្ឋាន អគ្គនាយក អគ្គនាយករង ចៅហ្វាយខេត្ត ភូឈួយខេត្ត(អភិបាលរងខេត្ត) រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួងស្ថាប័នជាតិនានា។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ការតែងតាំងក្មេងៗឲ្យកាន់តំណែងខ្ពស់ៗក្នុងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល ក៍ព្រោះតែពួកគេមានចំណេះជំនាញច្បាស់លាស់ សញ្ញាបត្របណ្ឌិត អនុបណ្ឌិតមកពីក្រៅប្រទេស ដូចជាកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ាណី ជាដើម ៕