បង្កើនការប្រុងប្រយ័ត្ន ! រកឃើញអ្នកឆ្លងកូវីដ១៩ មួយករណីថ្មីទៀតហើយ

បុរស​វ័យ​២៨​ឆ្នាំ​ម្នាក់ នៅ​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវ​បាន​ក្រសួងសុខាភិបាល​រក​ឃើញ​ផ្ទុកមេរោគ​កូ​វី​ដ​១៩ និង​ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យ​បាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម​។​

​បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​បញ្ជាក់​ថា បុរស​ខាងលើ​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​មក​ពី​ប្រទេស​រុ​ស្ស៊ី និង​បាន​បន្ត​តាម​ជើងហោះហើរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​( MH754) និង​បាន​មក​ដល់​ប្រទេស​ខ្មែរ​កាលពី​រសៀល​ថ្ងៃ​ទី​១៩ កក្កដា ២០២០ ។​

​មក​ទល់​នឹង​ពេល​នេះ ខ្មែរ​មាន​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​១៩​សរុប​១៩៨​នាក់ ក្នុង​នោះ​ករណី​ជា​សះស្បើយ ១៤២​នាក់ ។​ចំណែក​នៅ​ទូ​ទាំង​ពិភពលោក​វិញ គិត​ត្រឹម​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ កក្កដា ២០២០ មាន​អ្នក​ឆ្លង​សរុប​ជាង​១៥​លាន​នាក់ ស្លាប់​ជាង​៦២​ម៉ឺន​នាក់ ក្នុង​នោះ​សហរដ្ឋអាមេរិក​មាន​អ្នក​ឆ្លង​សរុប​ជាង​៤​លាន​នាក់ ស្លាប់​ជាង​១៤​ម៉ឺន​នាក់ ។ ដោយឡែក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​(Asean) នោះ​វិញ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​នាំមុខ ដោយ​មាន​អ្នក​ឆ្លង​សរុប​ជិត​១០​ម៉ឺន​នាក់ ស្លាប់​ជាង​៤​ពាន់​នាក់ តាម​ពីក្រោយ​ដោយ​ហ្វី​លី​ពី​ន មាន​អ្នក​ឆ្លង​សរុប​ជាង​៧​ម៉ឺន​នាក់ និង​ស្លាប់​ជិត​៩​ពាន់​នាក់ ៕