អ្នករស់នៅជុំវិញផ្ទះដែលឆេះស្លាប់៤នាក់ ថាខ្លួនរស់នៅក្នុងការភ័យខ្លាចជាង២០ឆ្នាំ

ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​អ្នក​ជិតខាង​និង​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ផ្ទុះ​ហ្គា​ស​កាលពី​ថ្ងៃ​ទី​១៨ កក្កដា នៅ​ម្តុំ​វត្ត​កោះ ផ្លូវ​ត្រសក់ផ្អែម ក្រៅពី​ម្ចាស់ផ្ទះ​ដែល​លក់​ហ្គា​ស​និង​ផ្ទុះ​ឆេះ​ស្លាប់​មនុស្ស​០៤​នាក់ និង​របួស​៥​នាក់​

​នោះ បាន​លើក​ឡើង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​បាន​ប្រកប​របរ​លក់​ហ្គា​ស​នេះ​ជាង​២០​ឆ្នាំ​មក​ហើយ ហើយ​ថា​រួប​គាត់​(​អ្នក​ជិតខាង​)​និង អ្នក​រស់នៅ​ជុំវិញ​ផ្ទះ​លក់​ហ្គា​ស​នោះ បាន​រស់នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ជាង​២០​ឆ្នាំ​ដែរ ។​

​បើ​តាម​គណនី​ឈ្មោះ Gheknai Kong ដែល​សរសេរ​សុំ​អន្តរាគមន៍​និង​ផ្ញើ​ចូល​ក្នុង​ខម​មិន​(Comment) ហ្វេ​ស​ប៊ុ​ក​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា​

«​នាង​ខ្ញុំ​ជា​សមាជិកគ្រួសារ​ដែល​រងគ្រោះថ្នាក់ និង ផល​ប៉ះពាល់​ដោយសារ​ការ​ផ្ទុះ​ធុង​ហ្គា​ស​នៅ ផ្លូវ​ត្រសក់ផ្អែម​ម្តុំ​វ​ត្ក​កោះ កាលពី​ថ្ងៃ​ទី ១៨ ខែ កក្កដា ឆ្នាំ​២០២០ កន្លង​ថ្មី​នេះ​។ ដូច​សម្តេច​បាន​ជ្រាប និង ឃើញ​ផ្ទាល់​ពី​កំលាំង​នៃ​ភ្លើង និង ការ​ផ្ទុះ វា​ពិតជា​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​ជា​ខ្លាំង​។ គាត់​ប្រកប​អាជីវកម្ម​នេះ​ជាង ២០ ឆ្នាំ​មក​ហើយ ដោយ​គាត់​មាន​ទាំង​ធ្វើការ​ផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដើម្បី​ផ្ចិត​កំប៉ុង​ហ្គា​ស​តូច​ៗ និង ចាស់​ៗ​របស់​គាត់​ជា​រឿយ​ៗ​។ ដូច​តួយ៉ាង​អគ្គិភ័យ​លើក​នេះ​គឺ​បង្ក​ដោយ​ការ​ផ្សារ​អេ​ឡិច​ត្រូ​និ​ចនេះ​តែ​ម្តង​។ ជាង​២០ ឆ្នាំ​មកនេះ​ក្រុម​គ្រួសារ​ខ្ញុំ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច​រាល់ថ្ងៃ​។ បន្ទាប់​ពី​មាន​បញ្ហា​លើក​នេះ​ក្រុម​គ្រួសារ​ខ្ញុំ​រិ​ត​តែ​មាន​ភាព​ភ័យ​ខ្លាច​លើស​ដើម បារម្ភ​មិនដឹង​ដោះស្រាយ​យាង​ណា​ប្រសិនបើ​គាត់​នៅ​តែ​បន្ត​អាជីវកម្ម​នេះ​តទៅ​ទៀត​ក្រោយ​ហេតុការណ៍​លើក​នេះ​។ នាង​ខ្ញុំ​ស្នើ​សុំ​អោយ​ស្ថាប័ន និង អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​អនុវត្ត​អោយ​បាន​តឹង​រឹង​តាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ ១៣១ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី ១៨ ខែសីហា ឆ្នាំ ២០១៧ ស្តី​ពី​លក្ខខណ្ឌ និង វិធានការ​នានា ស្តី​ពី​ការ​បង្ការ និង ការ​ពន្លត់អគ្គីភ័យ ជំពូក ៣ មាត្រា ៩ ដែល​តម្រូវ អោយ​អាជីវកម្ម​ប្រភេទ​នេះ​ត្រូវ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​យាង​តិច ១០០​ម៉ែត្រ ។ ខ្ញុំ​ក៏​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ប៉ុន្តែ​ខ្ញុំ​ចង់អោយ​ស្ថាប័ន និង អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​មេត្តា​អាណិត​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​ផង ព្រោះ​ពួក​ខ្ញុំ​ក៏​ជា​ជន​រង​គ្រោះ​ដែរ​។ ខ្ញុំ​ធ្វើ​សំណើ​នេះ​ឡើង​មិនមែន​ដើម្បី​ការពារ​អាយុជីវិត​តែ​ក្រុម​គ្រួសារ​របស់ខ្ញុំ​ទេ គឺ​ដើម្បី​ការពារ​ក្រុម​គ្រួសារ​គាត់ ក៏​ដូច​ជា​អ្នក​ជិតខាង​ដទៃ​ទៀត​ដែរ ទោះជា​កម្មករ ឬ អ្នក​ណា ក៏​ជា​ជីវិត​មួយ​ដែល​មាន​តំលៃ​។​
​គួរ​អោយ​សង្វេគ​បំផុត ចំពោះ​ការ​បាត់​បង់ជីវិត​ជន​រង​គ្រោះ​ដល់​៤​នាក់ និង​របួស​៥​នាក់ ក្នុង​អណ្តាតភ្លើង​ត្រឹម​មួយ​ពព្រិច​ភ្នែក ។​»​។​

​គួរ​រំ​ឮ​កថា ហេតុការណ៍​អគ្គិភ័យ​ផ្ទុះ​ហ្គា​ស​ឆេះ​ផ្ទះ​ដ៏​រន្ធត់​មួយ​បាន​កើតឡើង នៅ​វេលា​ម៉ោង​ជិត​៥​និង​១៣​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២០ នៅផ្ទះ​លក់​ហ្គា​ស ម្តុំ​វត្ត​កោះ ផ្លូវ​ត្រសក់ផ្អែម ក្នុង សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​០៤​នាក់​ស្លាប់​និង​របួស​៥​នាក់ ។​

​តាម​របាយការណ៍​សមត្ថកិច្ច​អ្នក​ស្លាប់ ០៤​នាក់ រួម​មានឈ្មោះ​
១. ម៉ៅ ស៊ី​ណាត ២២​ឆ្នាំ ភេទ​ប្រុស (​កម្មករ​)​។​
២. មុន មក​រា ១៨​ឆ្នាំ ភេទ​ប្រុស (​កម្មករ​)
៣. ឡាំ សេង​ហាវ ២៧​ឆ្នាំ ភេទ​ប្រុស (​កូន​ម្ចាស់ផ្ទះ​)
៤. ឡាំ គី​ម​ឡា​ង ៨​ឆ្នាំ ភេទ​ស្រី (​កូន​ម្ចាស់ផ្ទះ​)​។​
​ចំណែក​អ្នក​របួស​រួម​មាន​៖
១. ប្រាក់ ឡាំ​ហុង ៦៩​ឆ្នាំ ភេទ​ប្រុស (​ម្ចាស់ផ្ទះ​) របួសស្រាល​។​
២. លី សឿង ៤៩​ឆ្នាំ ប្រពន្ធ (​របួសធ្ងន់​)​។​
៣. ឡាំ សេង​តា​យ ១៩​ឆ្នាំ ភេទ​ប្រុស (​កូន​)​។​
៤. ឡាំ គី​មជូ ១៣​ឆ្នាំ ភេទ​ស្រី (​កូន​)
៥. ប្រាក់ សេង​គា ៣២​ឆ្នាំ ភេទ​ប្រុស (​ប្អូន​ម្ចាស់ផ្ទះ​) របួសស្រាល​។​