បទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនៅតែបន្តកើតមាន ជាក់ស្តែងកាលពីវេលាទៀបភ្លឺឈានចូលថ្ងៃទី២២ កក្កដានេះ សមត្ថកិច្ចបង្ក្រាបបានរថយន្តដឹកឈើមួយគ្រឿងដែលដឹកចេញតំបន់ដែនការពារសត្វព្រៃកែវសីមា ។
ប្រភពបន្តថា រថយន្តដែលសមត្ថកិច្ចបង្ក្រាបបាននេះម៉ាកកាមរីឆ្លាម ព៌ណទឹកប្រាក់ គ្មានស្លាកលេខ ដោយដឹកឈើប្រភេទសុក្រំចំនួន០៣ដុំ ការបង្ក្រាបនៅចំណុចភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
នៅមុនពេលបង្ក្រាប សមត្ថកិច្ចបានដាក់ល្បាតតាមគោលដៅដែលជនល្មើសតែងតាំធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ស្រាប់តែរថយន្តកាមរីឆ្លាមខាងលើ ឃើញក៍បម្រុងបើករត់គេច តែមិនគេចបែរជាបើកបំបុករថយន្តរបស់លោក ហឿន សុខណា អភិបាលរងស្រុកកែវសីមាចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តមិនទាន់ស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែក ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ក្រោយចាប់បានរថយន្តដឹកឈើហើយនោះ សមត្ថកិច្ចក៍បានរកឃើញឈើប្រណីតមួយចំនួនផ្សេងទៀតនៅផ្ទះមួយក្បែរកន្លែងកើតហេតុ ។ បើតាមសមត្ថកិច្ចផ្ទះដែលលួចលាក់ផ្ទុកឈើប្រណីតដើម្បីនាំចេញនេះជាកម្មសិទ្ឋិរបស់ឈ្មោះ ណាង តែស៊ាន ភេទស្រី អាយុ៣៥ឆ្នាំ ហើយឈើដែលរកឃើញនៅក្រោយផ្ទះឈ្មោះ ណាង តែស៊ាន ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា រួមមានឈើគគីរ០៦ដុំ និងសុក្រំ ២៨ដុំ ។ ប្រតិបត្តិការនេះ ក៍មានការចូលរួមពីលោក អ៊ាង សុគន្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នឈើដែលរឹបអូសបានទាំងនោះ សមត្ថកិច្ចបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកែវសីមា ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ៕