ស្ត្រីម្នាក់ដែលអះអាងថា ជាអ្នកជិតខាងនិងជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍អគ្គិភ័យផ្ទុះហ្គាសកាលពីថ្ងៃទី១៨ កក្កដា នៅម្តុំវត្តកោះ ផ្លូវត្រសក់ផ្អែម ក្រៅពីម្ចាស់ផ្ទះដែលលក់ហ្គាសនិងផ្ទុះឆេះស្លាប់មនុស្ស០៤នាក់ និងរបួស៥នាក់
នោះ បានលើកឡើងថា ម្ចាស់ផ្ទះរងគ្រោះបានប្រកបរបរលក់ហ្គាសនេះជាង២០ឆ្នាំមកហើយ ហើយថារួបគាត់(អ្នកជិតខាង)និង អ្នករស់នៅជុំវិញផ្ទះលក់ហ្គាសនោះ បានរស់នៅក្នុងការភ័យខ្លាចជាង២០ឆ្នាំដែរ ។
បើតាមគណនីឈ្មោះ Gheknai Kong ដែលសរសេរសុំអន្តរាគមន៍និងផ្ញើចូលក្នុងខមមិន(Comment) ហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា
«នាងខ្ញុំជាសមាជិកគ្រួសារដែលរងគ្រោះថ្នាក់ និង ផលប៉ះពាល់ដោយសារការផ្ទុះធុងហ្គាសនៅ ផ្លូវត្រសក់ផ្អែមម្តុំវត្កកោះ កាលពីថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០២០ កន្លងថ្មីនេះ។ ដូចសម្តេចបានជ្រាប និង ឃើញផ្ទាល់ពីកំលាំងនៃភ្លើង និង ការផ្ទុះ វាពិតជាបង្កភាពភ័យខ្លាចដល់ប្រជាជនដែលរស់នៅជុំវិញជាខ្លាំង។ គាត់ប្រកបអាជីវកម្មនេះជាង ២០ ឆ្នាំមកហើយ ដោយគាត់មានទាំងធ្វើការផ្សារអេឡិចត្រូនិចដើម្បីផ្ចិតកំប៉ុងហ្គាសតូចៗ និង ចាស់ៗរបស់គាត់ជារឿយៗ។ ដូចតួយ៉ាងអគ្គិភ័យលើកនេះគឺបង្កដោយការផ្សារអេឡិចត្រូនិចនេះតែម្តង។ ជាង២០ ឆ្នាំមកនេះក្រុមគ្រួសារខ្ញុំរស់នៅដោយភាពភ័យខ្លាចរាល់ថ្ងៃ។ បន្ទាប់ពីមានបញ្ហាលើកនេះក្រុមគ្រួសារខ្ញុំរិតតែមានភាពភ័យខ្លាចលើសដើម បារម្ភមិនដឹងដោះស្រាយយាងណាប្រសិនបើគាត់នៅតែបន្តអាជីវកម្មនេះតទៅទៀតក្រោយហេតុការណ៍លើកនេះ។ នាងខ្ញុំស្នើសុំអោយស្ថាប័ន និង អាជ្ញាធរដែលពាក់ព័ន្ធមេត្តាអនុវត្តអោយបានតឹងរឹងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៣១ អនក្រ.បក ចុះថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៧ ស្តីពីលក្ខខណ្ឌ និង វិធានការនានា ស្តីពីការបង្ការ និង ការពន្លត់អគ្គីភ័យ ជំពូក ៣ មាត្រា ៩ ដែលតម្រូវ អោយអាជីវកម្មប្រភេទនេះត្រូវស្ថិតនៅឆ្ងាយពីទីប្រជុំជនយាងតិច ១០០ម៉ែត្រ ។ ខ្ញុំក៏ចូលរួមសោកស្តាយចំពោះក្រុមគ្រួសារជនរងគ្រោះ ប៉ុន្តែខ្ញុំចង់អោយស្ថាប័ន និង អាជ្ញាធរដែលពាក់ព័ន្ធមេត្តាអាណិតដល់ក្រុមគ្រួសារខ្ញុំផង ព្រោះពួកខ្ញុំក៏ជាជនរងគ្រោះដែរ។ ខ្ញុំធ្វើសំណើនេះឡើងមិនមែនដើម្បីការពារអាយុជីវិតតែក្រុមគ្រួសាររបស់ខ្ញុំទេ គឺដើម្បីការពារក្រុមគ្រួសារគាត់ ក៏ដូចជាអ្នកជិតខាងដទៃទៀតដែរ ទោះជាកម្មករ ឬ អ្នកណា ក៏ជាជីវិតមួយដែលមានតំលៃ។
គួរអោយសង្វេគបំផុត ចំពោះការបាត់បង់ជីវិតជនរងគ្រោះដល់៤នាក់ និងរបួស៥នាក់ ក្នុងអណ្តាតភ្លើងត្រឹមមួយពព្រិចភ្នែក ។»។
គួររំឮកថា ហេតុការណ៍អគ្គិភ័យផ្ទុះហ្គាសឆេះផ្ទះដ៏រន្ធត់មួយបានកើតឡើង នៅវេលាម៉ោងជិត៥និង១៣នាទីល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះលក់ហ្គាស ម្តុំវត្តកោះ ផ្លូវត្រសក់ផ្អែម ក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលហេតុការណ៍នេះ បណ្តាលឲ្យមនុស្ស០៤នាក់ស្លាប់និងរបួស៥នាក់ ។
តាមរបាយការណ៍សមត្ថកិច្ចអ្នកស្លាប់ ០៤នាក់ រួមមានឈ្មោះ
១. ម៉ៅ ស៊ីណាត ២២ឆ្នាំ ភេទប្រុស (កម្មករ)។
២. មុន មករា ១៨ឆ្នាំ ភេទប្រុស (កម្មករ)
៣. ឡាំ សេងហាវ ២៧ឆ្នាំ ភេទប្រុស (កូនម្ចាស់ផ្ទះ)
៤. ឡាំ គីមឡាង ៨ឆ្នាំ ភេទស្រី (កូនម្ចាស់ផ្ទះ)។
ចំណែកអ្នករបួសរួមមាន៖
១. ប្រាក់ ឡាំហុង ៦៩ឆ្នាំ ភេទប្រុស (ម្ចាស់ផ្ទះ) របួសស្រាល។
២. លី សឿង ៤៩ឆ្នាំ ប្រពន្ធ (របួសធ្ងន់)។
៣. ឡាំ សេងតាយ ១៩ឆ្នាំ ភេទប្រុស (កូន)។
៤. ឡាំ គីមជូ ១៣ឆ្នាំ ភេទស្រី (កូន)
៥. ប្រាក់ សេងគា ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) របួសស្រាល។