ជំងឺ«ឈីក»ដែលធ្លាប់ឆ្លងរាតត្បាតខ្លាំងបំផុតកំពុងផ្ទុះនៅប៉ោយប៉ែត

មនុស្ស​ចំនួន​៣២​នាក់ ក្នុង​ចំណោម​១៦៨​នាក់ រស់នៅ​ក្នុងភូមិ​ចំនួន​៦ ក្នុង​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្រសួងសុខាភិបាល​ពិនិត្យ​រក​ឃើញ​ថា​មាន​ផ្ទុះ​មេរោគ​«​ឈី​ក​គន់​ហ្គ​ន់​យ៉ា Chikunngunya» ដែល​ហៅ​កាត់​ថា​«​ឈី​ក (CHIK)» ។​

​ក្រសួង​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​អ្នកជំងឺ​ទាំងអស់​បាន​ធូរស្បើយ​ហើយ ក្រោយ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​និង​មន្ទីរពេទ្យ​បង្អែក បន្ទាប់​ពី​ពួក​គេ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​នេះ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ កក្កដា ២០២០​មក ប៉ុន្តែ​ខណៈ​ដែល​កម្ពុជា​កំពុង​ទប់ស្កាត់​នឹង​ជំងឺ​កូ​វី​ដ​១៩​ដែល​ជា​ប្រភេទ​ជំងឺ​កាច​សាហាវ​កំពុង​សម្លាប់​មនុស្ស​នៅ​លើ​ពិភពលោក ការ​ផ្ទុះ​ជំងឺ​ឈី​ក​នៅ​ខេត្តបន្ទាយមានជ័យ​ក៍​អាច​ជា​បញ្ហា​សុខភាព​សាធារណៈ​មួយទៀត​ដែល​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​រីក​រាលដាល​នៅ​កម្ពុជា​។​

​បើ​តាម​ក្រសួងសុខាភិបាល​ដដែល ជំងឺ​គ្រុន​ឈី​ក​នេះ ត្រូវ​បាន​រក​ឃើញ​ដំបូង​កើត​នៅ​ទ្វីបអាហ្វ្រិក​នា​ឆ្នាំ​១៩៥៣ និង​បាន​រក​ឃើញ​នៅ​កម្ពុជា​ដំបូង​នៅ​ឆ្នាំ​១៩៦១​និង​២០១១ ។ រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ឈឺ​ក ដែល​ជា​ប្រភេទ​ជំងឺឆ្លង​រាតត្បាត​ខ្លាំង​នោះ គឺ​អ្នកជំងឺ​គ្រុនក្តៅ​លើស​ពី​៣៨​អង្សារ​សេ មា​នក​ន្តួ​ល​ក្រហម​លើ​ស្បែក ក​ន្តួ​ល​លើ​ស្បែ​កដៃ ឈឺសន្លាក់​ដៃជើង ឈឺក្បាល ឈឺ​សាច់ដុំ ក្អួតចង្អោរ អស់កម្លាំង​។ កាលពី​ឆ្នាំ​២០១១ ជំងឺ​ឈី​កបាន​ផ្ទុះ​រីក​រាលដាល​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ តាកែវ រតនគិរី ស្ទឹង​ត្រែង កណ្តាល​និង​ខេត្តកំពត ។​

​ជំងឺ​ឈី​គឺ​ឆ្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ គ្រួសារ​មួយ​ទៅ​គ្រួសារ​មួយ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​តាម​រយៈ​សត្វ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ ដែល​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​តាម​មធ្យោបាយ​ធ្វើ​ដំណើរ និង​ទីកន្លែង​ដែល​មិន​មាន​អនាម័យ​បរិស្ថាន​ស្អាត និង​ទីកន្លែង​ដែល​បង្កើត​ជម្រក​មូស​ខ្លា​ជាដើម ។​

​យ៉ាងណា​ក៍ដោយ បើ​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី​២៣ កក្កដា​នេះ គឺ​ជំងឺ​ឈី​ក មិន​បណ្តាល​ឲ្យ​អ្នក​ជំ​ង​ឈឺ​ស្លាប់​នោះ​ទេ គ្រប់​អ្នកជំងឺ​គឺ​ព្យាបាល​បាន​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍ ឬ​លើស​នេះ​ទៅ​តាម​សភាព​ជំងឺ​កើត​យូរ ឬ​ឆាប់ ប៉ុន្តែ​ក្រសួង​បាន​បញ្ជាក់​ថា អ្នកជំងឺ​អាច​ស្លាប់​បាន ប្រសិនបើ​អ្នកជំងឺ​នោះ​មាន​ជំងឺ​រួម​ផ្សំ​ផ្សេង​ទៀត​កើតជា​មួយ​គ្នា​ដូច​ជា​គ្រុនឈាម គ្រុនចាញ់ រលាក​ស្រោមខួរ​ជាដើម ។​

​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឲ្យ​លុប​បំបាត់​ជម្រក​មូស​ខ្លា ដោយ​ធ្វើ​អនាម័យ​សំអាត​ជុំវិញ​ផ្ទះ លុប​បំបាត់​គុម្ពោត​ស៊ុបទ្រុប​នៅ​ជុំវិញ​ផ្ទះ ការពារ​កុំឱ្យ មានទឹក​ដក់​នៅ​ជុំវិញ​ផ្ទះ លុប​បំបាត់​ផ្លុ​ក សំបក​កំប៉ុង សំបក​កង់​ឡាន ត្រឡោក​ដូង ធុង​ទឹក ជើង​ផ្កា និង​ប្រើ​អា បែ​ត​ដាក់​ក្នុង​ពាង ឬ អាង​ស្តុក​ទឹក ជា​រៀង​រាល់​អាទិត្យ​។​

​ស្លៀកពាក់​ខោជើងវែង អាវដៃវែង និង​ស្រោមជើង ធ្វើ​យ៉ាងណា​គ្របដណ្ដប់​ភាគច្រើន​នៃ​រាង​កាយ​ឱ្យ​ជិត (​ស ម្លៀ​ក​បំពាក់​គួរតែ​មាន​ពណ៌​ភ្លឺ កុំ​ខ្មៅ​ឬ​ងងឹត​)

​ប្រើ​ថ្នាំ​បាញ់ (spray) ឬ​លាប (repellent) កុំឱ្យ​មូស​មក​ជិត ព្រោះថ្នាំ​នេះ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ប្រើ​បាន ដោយ មាន​សុវត្ថិភាព មិន​មាន​ផល​ប៉ះពាល់​ទេ​

​ត្រូវ​សម្រាន្ត​ក្នុង​មុង​ទាំង​យប់​និង​ថៃ ព្រមទាំង​បើក​បង្អួច ទ្វារ ឱ្យ​ធំ ដើម្បី​ឱ្យ​ពន្លឺ​ថ្ងៃ និង​មាន ខ្យល់​ចេញចូល​បាន​ល្អ ៕