ទីបំផុត! វៀតណាម​មានអ្នក​ជំងឺកូ​វី​ដ​-១៩​ម្នាក់នៅ​ដា​ណា​ង បាន​ស្លាប់នៅថ្ងៃនេះ

ហាណូយ ៖ ទីបំផុត ប្រទេស​វៀតណាម​រាយការណ៍​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា ឆ្នាំ​២០២០​នេះ​ថា បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ ជា​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​ស្លាប់​ដោយសារ​វីរុស​នេះ ជា​លើ​ដំបូង នៅ​ទីក្រុង​ដា​ណា​ង ។

នៅ​ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​សុក្រ ទី​៣១ ខែកក្កដា​នេះ អាជ្ញាធរ​សុខាភិបាល​វៀតណាម បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ករណី​ឆ្លង COVID-19 ថ្មី​ៗ​ចំនួន​៤៥​នាក់​ទៀត ដែល​ចម្លង​ក្នុង​សហគមន៍ នៅ​ទីក្រុង​ដា​ណា​ង នៅ​ភាគ​កណ្តាល​នៃ​ប្រទេស ហើយ​ចំនួន​នេះ​ជា​ករណី​ឆ្លង​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ គិត​ចាប់តាំងពី​ការ​ផ្ទុះ​ឡើង​ដំបូង កាលពី​ចុង​ខែមករា កន្លង​មក ។

បច្ចុប្បន្ន​នេះ ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៥០៩​ករណី ក្នុង​នោះ​ស្លាប់​ម្នាក់ និង​ជា​សះស្បើយ ៣៧៣​នាក់​។

ទីក្រុង​ហាណូយ បាន​និង​កំពុង​ធ្វើតេស្ត​លើ​មនុស្ស​ចំនួន ២១,០៦៣​នាក់ ដែល​ទើបតែ​វិល​ត្រឡប់​មក​ពី​ទីក្រុង​ដា​ណា​ង​វិញ ។ នៅ​ឯ​ទីក្រុង​ហូ​ជី​មិ​ញ ក៏​បាន​សម្រេច​បិទ​កន្លែង​កម្សាន្ត និង​ហាមឃាត់​ការ​ជួបជុំ​ធំ​ៗ បន្ទាប់​ពី​បាន​រក​ឃើញ​ករណី​ឆ្លង COVID-19 ចំនួន ០២​ករណី ក្នុង​ចំណោម​មនុស្ស ១៨,០០០​នាក់ ដែល​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ដា​ណា​ង ។

គួរ​បញ្ជាក់​ថា អាជ្ញាធរ​វៀតណាម​បាន​ផ្ញើ​សារ​ជា​អក្សរ ទៅ​គ្រប់​ទូរស័ព្ទ​របស់​ប្រជាជន ៩៥​លាន​នាក់​នៅ​ទូ​ទាំង​ប្រទេស នឹង​បាន​ជម្រុញ​ឲ្យ​អ្នក​ដែល​ធ្លាប់​ធ្វើ​ដំណើរ​ទៅ ទីក្រុង​ដា​ណា​ង ត្រូវ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ជា​បន្ទាន់ ខណៈ​ដែល​រលក​ថ្មី​នៃ​ការ​ចម្លង​នេះ បាន​រីក​រាលដាល​ដល់ទី​ក្រុង និង​ខេត្ត​ចំនួន ០៦​របស់​ប្រទេស​វៀតណាម ក្នុង​រយៈពេល ០៦​ថ្ងៃ​ប៉ុណ្ណោះ​៕