ហាណូយ ៖ ទីបំផុត ប្រទេសវៀតណាមរាយការណ៍នៅរសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០នេះថា បុរសវ័យ៧០ឆ្នាំម្នាក់ ជាអ្នកជំងឺកូវីដ-១៩ បានស្លាប់ដោយសារវីរុសនេះ ជាលើដំបូង នៅទីក្រុងដាណាង ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសុក្រ ទី៣១ ខែកក្កដានេះ អាជ្ញាធរសុខាភិបាលវៀតណាម បានបញ្ជាក់ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន៤៥នាក់ទៀត ដែលចម្លងក្នុងសហគមន៍ នៅទីក្រុងដាណាង នៅភាគកណ្តាលនៃប្រទេស ហើយចំនួននេះជាករណីឆ្លងខ្ពស់បំផុតប្រចាំថ្ងៃ គិតចាប់តាំងពីការផ្ទុះឡើងដំបូង កាលពីចុងខែមករា កន្លងមក ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានករណីឆ្លង COVID-19 សរុបចំនួន ៥០៩ករណី ក្នុងនោះស្លាប់ម្នាក់ និងជាសះស្បើយ ៣៧៣នាក់។
ទីក្រុងហាណូយ បាននិងកំពុងធ្វើតេស្តលើមនុស្សចំនួន ២១,០៦៣នាក់ ដែលទើបតែវិលត្រឡប់មកពីទីក្រុងដាណាងវិញ ។ នៅឯទីក្រុងហូជីមិញ ក៏បានសម្រេចបិទកន្លែងកម្សាន្ត និងហាមឃាត់ការជួបជុំធំៗ បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ចំនួន ០២ករណី ក្នុងចំណោមមនុស្ស ១៨,០០០នាក់ ដែលធ្លាប់បានធ្វើដំណើរទៅទីក្រុងដាណាង ។
គួរបញ្ជាក់ថា អាជ្ញាធរវៀតណាមបានផ្ញើសារជាអក្សរ ទៅគ្រប់ទូរស័ព្ទរបស់ប្រជាជន ៩៥លាននាក់នៅទូទាំងប្រទេស នឹងបានជម្រុញឲ្យអ្នកដែលធ្លាប់ធ្វើដំណើរទៅ ទីក្រុងដាណាង ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរជាបន្ទាន់ ខណៈដែលរលកថ្មីនៃការចម្លងនេះ បានរីករាលដាលដល់ទីក្រុង និងខេត្តចំនួន ០៦របស់ប្រទេសវៀតណាម ក្នុងរយៈពេល ០៦ថ្ងៃប៉ុណ្ណោះ៕