គ្រឿងញៀនចំនួន២០០គីឡូក្រាម ឆ្លងដែនតាមទឹកពីប្រទេសឡាវ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅចំណុចកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ។
នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនដែលបង្ហាញនៅរសៀលថ្ងៃទី០១ សីហា ២០២០។
របាយការណ៍ដដែលបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីសមត្ថកិច្ចជំនាញពាក់ព័ន្ឋជាច្រើនទៀត។
ប្រតិបត្ដិការនេះដែរ កម្លាំងនគរបាលបានចាប់ខ្លួនមនុស្ស២នាក់ ហើយគ្រឿងញៀនទាំង២០០គីឡូក្រាមនេះ ជាប្រភេទមេតំហ្វេតាមីន ២០១កញ្ចប់ធំ ទម្ងន់២០០គីឡូក្រាម និងរឹបអូសម៉ូតូកង់បីមួយគ្រឿងជាវត្ថុតាងដឹកជញ្ជូនបទល្មើស។
នៅពេលនេះកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងបន្តស្រាវជ្រាវរកមុខសញ្ញាជាប់ពាក់ព័ន្ធ ៕