តាមទិន្នន័យរបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្ររបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ២០២០ ករណីសង្ស័យកើតជំងឺគ្រុនឈីកបានកើនដល់១០២០ករណីហើយ ក្នុងនោះស្ត្រីមាន៥៦២នាក់ ហើយជាង៨០% គឺកើតមានក្នុងខេត្តចំនួន៤ ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកំពង់ចាម។
ខេត្តផ្សេងទៀតដែលក្រសួងសុខាភិបាលរកឃើញថាកើតមានជំងឺគ្រុនឈីក តិចតួច រួមមាន៖ ខេត្តឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិសាត់ ស្ទឹងត្រែង និងខេត្តប៉ៃលិន បើសរុបទាំង៤ខេត្តខាងលើ គឺកើនដល់១២ខេត្តហើយ។
បើតាមក្រសួងសុខាភិបាល ជំងឺគ្រុនឈីកត្រូវបានរកឃើញដំបូងកើតនៅទ្វីបអាហ្វ្រិកនាឆ្នាំ១៩៥៣ និងបានរកឃើញនៅកម្ពុជាដំបូងនៅឆ្នាំ១៩៦១និង២០១១ ។ រោគសញ្ញានៃជំងឺគ្រុនឈឺក ដែលជាប្រភេទជំងឺឆ្លងរាតត្បាតខ្លាំងនោះ គឺអ្នកជំងឺគ្រុនក្តៅលើសពី៣៨អង្សារសេ មានកន្តួលក្រហមលើស្បែក កន្តួលលើស្បែកដៃ ឈឺសន្លាក់ដៃជើង ឈឺក្បាល ឈឺសាច់ដុំ ក្អួតចង្អោរ អស់កម្លាំង។ កាលពីឆ្នាំ២០១១ ជំងឺឈីកបានផ្ទុះរីករាលដាលខ្លាំងនៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ កំពង់ចាម កំពង់ធំ កំពង់ស្ពឺ តាកែវ រតនគិរី ស្ទឹងត្រែង កណ្តាលនិងខេត្តកំពត ។
ជំងឺឈីគឺឆ្លងពីបុគ្គលមួយទៅបុគ្គលមួយ គ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយតាមរយៈសត្វមូសខ្លាញីខាំនៅពេលថ្ងៃ ដែលចល័តពីកន្លែងមួយទៅកន្លែងមួយតាមមធ្យោបាយធ្វើដំណើរ និងទីកន្លែងដែលមិនមានអនាម័យបរិស្ថានស្អាត និងទីកន្លែងដែលបង្កើតជម្រកមូសខ្លាជាដើម ។
យ៉ាងណាក៍ដោយ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ កក្កដានេះ គឺជំងឺឈីក មិនបណ្តាលឲ្យអ្នកជំងឈឺស្លាប់នោះទេ គ្រប់អ្នកជំងឺគឺព្យាបាលបានក្នុងរយៈពេលមួយសប្តាហ៍ ឬលើសនេះទៅតាមសភាពជំងឺកើតយូរ ឬឆាប់ ប៉ុន្តែក្រសួងបានបញ្ជាក់ថា អ្នកជំងឺអាចស្លាប់បាន ប្រសិនបើអ្នកជំងឺនោះមានជំងឺរួមផ្សំផ្សេងទៀតកើតជាមួយគ្នាដូចជាគ្រុនឈាម គ្រុនចាញ់ រលាកស្រោមខួរជាដើម ។
ក្រសួងសុខាភិបាលបានអំពាវនាវឲ្យលុបបំបាត់ជម្រកមូសខ្លា ដោយធ្វើអនាម័យសំអាតជុំវិញផ្ទះ លុបបំបាត់គុម្ពោតស៊ុបទ្រុបនៅជុំវិញផ្ទះ ការពារកុំឱ្យ មានទឹកដក់នៅជុំវិញផ្ទះ លុបបំបាត់ផ្លុក សំបកកំប៉ុង សំបកកង់ឡាន ត្រឡោកដូង ធុងទឹក ជើងផ្កា និងប្រើអា បែតដាក់ក្នុងពាង ឬ អាងស្តុកទឹក ជារៀងរាល់អាទិត្យ។
ស្លៀកពាក់ខោជើងវែង អាវដៃវែង និងស្រោមជើង ធ្វើយ៉ាងណាគ្របដណ្ដប់ភាគច្រើននៃរាងកាយឱ្យជិត (ស ម្លៀកបំពាក់គួរតែមានពណ៌ភ្លឺ កុំខ្មៅឬងងឹត)
ប្រើថ្នាំបាញ់ (spray) ឬលាប (repellent) កុំឱ្យមូសមកជិត ព្រោះថ្នាំនេះ ស្ត្រីមានផ្ទៃពោះអាចប្រើបាន ដោយ មានសុវត្ថិភាព មិនមានផលប៉ះពាល់ទេ
ត្រូវសម្រាន្តក្នុងមុងទាំងយប់និងថៃ ព្រមទាំងបើកបង្អួច ទ្វារ ឱ្យធំ ដើម្បីឱ្យពន្លឺថ្ងៃ និងមាន ខ្យល់ចេញចូលបានល្អ ៕