លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា នៅក្នុងសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាមកាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន មិនទាន់បញ្ចប់ត្រឹមនេះនៅឡើយទេ ពោលគឺនៅសល់ដំណាក់កាលជម្រះក្ដីនៅថ្នាក់ឧទ្ទរណ៍បន្តទៀត។ ដំណាក់កាលឧទ្ទរណ៍ គឺមានជំនួយផ្នែកច្បាប់ពីក្រសួងយុត្តិធម៌កម្ពុជា ដើម្បីប្ដឹងជំទាស់សេចក្ដីសម្រេចរបស់តុលាការថ្នាក់ដំបូងរបស់វៀតណាម ដែលកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀន។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌មួយផ្នែកនៃសំណុំរឿងស្ត្រីខ្មែរនេះ អាចប្រើយន្តការផ្នែកច្បាប់ដែលមានស្រាប់រវាងកម្ពុជា និងវៀតណាមគឺកិច្ចព្រមព្រៀងធ្វើបត្យាប័ន និងផ្ទេរទណ្ឌិត។ ចំពោះការធ្វើបត្យាប័ននេះសំដៅដល់ការប្រព្រឹត្តបទល្មើសនៅកម្ពុជាហើយរត់ទៅវៀតណាម នោះកម្ពុជានឹងស្នើសុំយកមកផ្ដន្ទាទោស និងដំណើរការក្ដីនៅកម្ពុជា។ ចំណែកការផ្ទេរទណ្ឌិតវិញ សំដៅដល់ការប្រព្រឹត្តបទល្មើសនៅវៀតណាម ហើយទទួលបានការកាត់ទោសរួចរាល់ កម្ពុជាអាចស្នើសុំផ្ទេរទណ្ឌិត មកអនុវត្តទោសនៅកម្ពុជា។ ដូច្នេះសំណុំរឿងស្ត្រីខ្មែរដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិតលើរូបនាងពីបទជួញដូរគ្រឿងញៀនឆ្លងដែន អាចស្ថិតនៅក្នុងកិច្ចព្រមព្រៀងស្តីពីការផ្ទេរទណ្ឌិត។
ជាមួយគ្នានេះលោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកមើលឃើញថានៅក្នុងសំណុំរឿងស្ត្រីខ្មែរ ដែលវៀតណាមកាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែននេះរដ្ឋាភិបាលគួរប្រើយន្តការផ្ទេរអ្នកទោស ដូចដែលរដ្ឋាភិបាលធ្លាប់អនុវត្តកន្លងមកជាមួយប្រទេសដទៃ។ បន្ថែមលើនេះ លោកករុណា លើកជាយោបល់ឲ្យរដ្ឋាភិបាលប្រើប្រាស់ យន្តការកាទូតអន្តរាគមន៍ស្នើសុំស្ត្រីខ្មែរមកអនុវត្តទោសនៅកម្ពុជា។
សូមជម្រាបជូនថា តុលាការប្រជាជននៃខេត្តតៃនិញ របស់វៀតណាម កាលពីថ្ងៃទី៣១ ខែកក្កដា បានកាត់ទោសប្រហារជីវិតស្ត្រីខ្មែរម្នាក់ ពីបទជួញដូរគ្រឿងញៀនឆ្លងដែន បន្ទាប់ពីនាងលួចនាំចូលថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួនប្រាំកញ្ចប់ ដែលមានទំងន់ប្រមាណជិត៥គីឡូក្រាមចូលវៀតណាម កាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមVNA។ តាមច្បាប់របស់វៀតណាម ជនណាដែលរកឃើញថា មានគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន កូកាអ៊ីនលើសពី ៦០០ក្រាម ឬក៏មេតំហ្វីតាមីនចំនួន ២.៥ គីឡូក្រាម នឹងត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
ប៉ុន្តែយ៉ាងណាក៏ដោយ ជានិច្ចជាកាលគេក៏ឃើញមានជនជាតិវៀតណាម នាំចូលគ្រឿងញៀនចូលមកកម្ពុជាដែរ។ ជាក់ស្ដែងថ្មីៗនេះបុរសជនជាតិវៀតណាមម្នាក់បានជួញដូរនូវសារធាតុញៀនប្រភេទកេតាមីនរាវជាង៣១គីឡូក្រាម និងត្រូវសមត្ថកិច្ចមន្ទីប្រឆាំងគ្រឿងញៀនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់៕
ប្រភព RFI