មិនធម្មតា ! កាប់ដើមកៅស៊ូ ដាំដើមចេក នាំទៅចិន

ដើម​កៅស៊ូ​ចំនួន​២០០​ហិ​កតា ដែល​ដាំ​លើ​ផ្ទៃដី​ចំនួន​២០០​ហិ​កតា​ក្នុង​ចំណោម​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ជិត​៤០០០​ហិ​កតា​របស់​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា អាន ម៉ា​ឌី ត្រូវ​បាន​កាប់​ចោល ដោយ​ជំនួស​មក​វិញ​ដោយ​ការ​ដាំ​ដើម​ចេកអំបូង ដើម្បី​នាំ​ចេញ​ទៅ​កាន់តែ​ផ្សារ​ចិន​ដែល​មាន​មនុស្ស​ជាង​១៣០០​លាន​នាក់ ។​

​ក្នុង​ចម្ការ​ចេក​មួយ​កន្លែង​នេះ ស្ថិត​នៅ​ក្នុងស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ លោក Chen Zhiqang ជនជាតិ​ចិន កំពុង​បណ្ដាក់ទុន​ដាំ​ដើម​ចេក​លើ​ផ្ទៃដី ២០០ ហិ​កតា​ជាមួយ​លោក​ឧកញ៉ា អាន ម៉ា​ឌី អ្នក​វិនិយោគ​ដ៏​ធំ​ខាង​វិស័យ​កសិកម្ម​។​

​បើ​តាម​លោក Chen Zhiqang បាន​ប្រាប់ VOA ថា ដើម​ចេក​ដែល​ដាំ​នេះ​ជា​ប្រភេទ​ចេកអំបូង​លឿង និង​ត្រូវ​បាន​នាំ​ពូជ​ពី​ប្រទេស​ចិន​មក​ដាំ​នៅ​ទី​នេះ​។ លោក​បន្ត​ថា នៅ​ចម្ការ​ចេក​របស់​លោក​កាលពី​ពេល​ថ្មី​ៗ​ថា​៖ «​ចិន​បច្ចុប្បន្ន ដំណាំ​ចេក​ខ្វះខាត​ច្រើន ហើយ​ប្រជាជន​ចិន​ចូល​ចិត្ត​ហូប​ផ្លែ​ចេក​។ ដល់​អ៊ីចឹង​ទៅ ខ្ញុំ​ត្រូវការ​មក​ស្រុក​ក្រៅ​ដូច​ជា​កម្ពុជា ឬ​ប្រទេស​ផ្សេង ដើម្បី​រក​ចម្ការ​មក​ផលិត​ចេក​នាំ​ទៅ​ប្រទេស​ចិន​ដើម្បី​ផ្គត់ផ្គង់​ប្រជាជន​របស់ខ្ញុំ​»​។​

​វិនិយោគិន​ចិន ដែល​មក​រស់នៅ​កម្ពុជា​ជាង​៣​ឆ្នាំ​មក​ហើយ និង​មក​ពី​ទីក្រុង​ប៉េ​កាំ​ង បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ «​បើសិន​គម្រោង​ដំបូង​បាន​ជោគជ័យ ខ្ញុំ​នឹង​ពង្រីក​ដល់​២​ពាន់​ហិ​កតា ហើយ​អាច​ជួល​កម្មករ​ប្រមាណ​៤​ពាន់​នាក់​»​។​

​នោះ​មាន​អត្ថន័យ​ថា កៅស៊ូ​ដែល​នៅ​ក្បែរ​នោះ​នឹង​ត្រូវ​បានកា​ប់រាន​ដើម្បី​យក​ដី​ដាំចេក​បន្ថែម​ទៀត​។​

​លោក​បណ្ឌិត យ៉ង សាំង​កុមារ អ្នកជំនាញ​ខាង​កសិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជំរុញ​ឲ្យ​មានការ​គិតគូរ​ដល់​កសិករ​តូច​ៗ​ដែល​ចង់​ដាំចេក​ដែរ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ដំឡើង​ស្ដង់ដារ​ផលិតកម្ម និង​ការ​ធានា​ទីផ្សារ​សម្រាប់​ពួក​គេ​។​

​លោក យ៉ង សាំង​កុមារ បន្ត​ថា​ចម្ការ​ចេក​ស្ថិត​នៅ​តំបន់​ខ្ពង់រាប ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​គីមី​ដែល​អាច​ប៉ះពាល់​ប្រជាជន និង​បរិស្ថាន​។​

«​អ៊ីចឹង​វា​ត្រូវ​ហូរ​ចូល​តំបន់​ណាមួយ​ហើយ អ៊ីចឹង​ធ្វើ​ម៉េច​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ប៉ះពាល់​ដល់​ត្រី​ប៉ះពាល់​ដល់​សត្វ ប៉ះពាល់​ដល់​មនុស្ស​ទាំងមូល​»​។​

​អ្នកនយោបាយ​ដែល​មាន​ជំនាញ​ខាង​សេដ្ឋកិច្ច​កសិកម្ម​រូប​នេះ បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវ​មើល​សក្តានុពល​នៃ​ផលិតផល​អ្វី​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ចិន​បាន​នៅ​ពេល​នេះ​ហើយ​ផលិតផល​ទាំងនោះ​មាន​ច្រើន ដូច​ជា​អង្ករ ស្វាយចន្ទី និង​ដំឡូង​មី​ជាដើម​។​

«​តែ​សំខាន់​លើ​យើង​ទេ ថា​យើង​ខ្លួន​យើង​មាន​ស្អី ដែល​យើង​គិត​ថា ទាមទារ​ឲ្យ​យើង​នាំ​ចូល​ស្រុក​គេ​ដោយ​សេរី​។ អាហ្នឹង​មាន​ឬ​នៅ​ឬ​គ្រាន់តែ​ជា​ផែនការ​ទេ?»

​តាម​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ មន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា​ខ្លួន​រំពឹង​ថា នឹង​អាច​ស្វះ​ស្វែងរក​ការ​វិនិយោគ​បន្ថែម​មក​លើ​វិស័យ​កសិកម្ម និង​ជំរុញ​ការ​ផលិត​ក្នុង​វិស័យ​នេះ​ឆ្ពោះ​តម្រង់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន ៕