សំណុំរឿងស្រ្តីខ្មែរដែលតុលាការយួនកាត់ឲ្យប្រហារជីវិតមិនទាន់ចប់ទេ

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សំណុំរឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម​កាត់ទោស​ប្រហារជីវិត​លើ​រូប​នាង​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន មិន​ទាន់​បញ្ចប់​ត្រឹមនេះ​នៅឡើយ​ទេ ពោល​គឺ​នៅ​សល់​ដំណាក់កាល​ជម្រះក្ដី​នៅ​ថ្នាក់​ឧទ្ទ​រណ៍​បន្ត​ទៀត​។ ដំណាក់កាល​ឧទ្ទ​រណ៍ គឺ​មាន​ជំនួយ​ផ្នែក​ច្បាប់​ពី​ក្រសួងយុត្តិធម៌​កម្ពុជា ដើម្បី​ប្ដឹង​ជំទាស់​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ដំបូង​របស់​វៀតណាម ដែល​កាត់ទោស​ប្រហារជីវិត​ពី​បទ​ជួញដូរ​គ្រឿងញៀន​។​

​បើ​តាម​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​មួយ​ផ្នែក​នៃ​សំណុំរឿង​ស្ត្រី​ខ្មែរ​នេះ អាច​ប្រើ​យន្តការ​ផ្នែក​ច្បាប់​ដែល​មាន​ស្រាប់​រវាង​កម្ពុជា និង​វៀតណាម​គឺ​កិច្ចព្រមព្រៀង​ធ្វើ​បត្យាប័ន និង​ផ្ទេរ​ទណ្ឌិត​។ ចំពោះ​ការ​ធ្វើ​បត្យាប័ន​នេះ​សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា​ហើយរ​ត់ទៅ​វៀតណាម នោះ​កម្ពុជា​នឹង​ស្នើ​សុំ​យក​មក​ផ្ដន្ទាទោស និង​ដំណើរការ​ក្ដី​នៅ​កម្ពុជា​។ ចំណែក​ការ​ផ្ទេរ​ទណ្ឌិត​វិញ សំដៅ​ដល់​ការ​ប្រព្រឹត្ត​បទល្មើស​នៅ​វៀតណាម ហើយ​ទទួល​បានការ​កាត់ទោស​រួចរាល់ កម្ពុជា​អាច​ស្នើ​សុំ​ផ្ទេរ​ទណ្ឌិត មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។ ដូច្នេះ​សំណុំរឿង​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​តុលាការ​វៀតណាម កាត់ទោស​ប្រហារជីវិត​លើ​រូប​នាង​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន អាច​ស្ថិត​នៅ​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ផ្ទេរ​ទណ្ឌិត​។​

​ជាមួយ​គ្នា​នេះ​លោក សឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​មើលឃើញ​ថា​នៅ​ក្នុង​សំណុំរឿង​ស្ត្រី​ខ្មែរ ដែល​វៀតណាម​កាត់ទោស​ប្រហារជីវិត ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ​រដ្ឋាភិបាល​គួរ​ប្រើ​យន្តការ​ផ្ទេរ​អ្នកទោស ដូចដែល​រដ្ឋាភិបាល​ធ្លាប់​អនុវត្ត​កន្លង​មក​ជាមួយ​ប្រទេស​ដទៃ​។ បន្ថែម​លើ​នេះ លោក​ករុណា លើក​ជា​យោបល់​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់ យន្តការ​កា​ទូត​អន្តរាគមន៍​ស្នើ​សុំ​ស្ត្រី​ខ្មែរ​មក​អនុវត្ត​ទោស​នៅ​កម្ពុជា​។​

​សូម​ជម្រាប​ជូន​ថា តុលាការ​ប្រជាជន​នៃ​ខេត្ត​តៃ​និ​ញ របស់​វៀតណាម កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា បាន​កាត់ទោស​ប្រហារជីវិត​ស្ត្រី​ខ្មែរ​ម្នាក់ ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន បន្ទាប់​ពី​នាង​លួច​នាំ​ចូល​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​ប្រាំ​កញ្ចប់ ដែល​មាន​ទំងន់​ប្រមាណ​ជិត​៥​គីឡូក្រាម​ចូល​វៀតណាម កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​VNA​។ តាម​ច្បាប់​របស់​វៀតណាម ជន​ណា​ដែល​រក​ឃើញ​ថា មាន​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន កូកាអ៊ីន​លើស​ពី ៦០០​ក្រាម ឬ​ក៏​មេ​តំ​ហ្វី​តា​មីន​ចំនួន ២.៥ គីឡូក្រាម នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោស​ប្រហារជីវិត​។​

​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ជា​និច្ច​ជា​កាល​គេ​ក៏​ឃើញ​មាន​ជនជាតិ​វៀតណាម នាំ​ចូល​គ្រឿងញៀន​ចូល​មក​កម្ពុជា​ដែរ​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ជួញដូរ​នូវ​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​រាវ​ជាង​៣១​គីឡូក្រាម និង​ត្រូវ​សមត្ថកិច្ច​មន្ទី​ប្រឆាំង​គ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា​ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

ប្រភព RFI