ដើមកៅស៊ូចំនួន២០០ហិកតា ដែលដាំលើផ្ទៃដីចំនួន២០០ហិកតាក្នុងចំណោមផ្ទៃដីសម្បទានសេដ្ឋកិច្ចសរុបជិត៤០០០ហិកតារបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា អាន ម៉ាឌី ត្រូវបានកាប់ចោល ដោយជំនួសមកវិញដោយការដាំដើមចេកអំបូង ដើម្បីនាំចេញទៅកាន់តែផ្សារចិនដែលមានមនុស្សជាង១៣០០លាននាក់ ។
ក្នុងចម្ការចេកមួយកន្លែងនេះ ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ លោក Chen Zhiqang ជនជាតិចិន កំពុងបណ្ដាក់ទុនដាំដើមចេកលើផ្ទៃដី ២០០ ហិកតាជាមួយលោកឧកញ៉ា អាន ម៉ាឌី អ្នកវិនិយោគដ៏ធំខាងវិស័យកសិកម្ម។
បើតាមលោក Chen Zhiqang បានប្រាប់ VOA ថា ដើមចេកដែលដាំនេះជាប្រភេទចេកអំបូងលឿង និងត្រូវបាននាំពូជពីប្រទេសចិនមកដាំនៅទីនេះ។ លោកបន្តថា នៅចម្ការចេករបស់លោកកាលពីពេលថ្មីៗថា៖ «ចិនបច្ចុប្បន្ន ដំណាំចេកខ្វះខាតច្រើន ហើយប្រជាជនចិនចូលចិត្តហូបផ្លែចេក។ ដល់អ៊ីចឹងទៅ ខ្ញុំត្រូវការមកស្រុកក្រៅដូចជាកម្ពុជា ឬប្រទេសផ្សេង ដើម្បីរកចម្ការមកផលិតចេកនាំទៅប្រទេសចិនដើម្បីផ្គត់ផ្គង់ប្រជាជនរបស់ខ្ញុំ»។
វិនិយោគិនចិន ដែលមករស់នៅកម្ពុជាជាង៣ឆ្នាំមកហើយ និងមកពីទីក្រុងប៉េកាំង បានឱ្យដឹងបន្ថែមទៀតថា៖ «បើសិនគម្រោងដំបូងបានជោគជ័យ ខ្ញុំនឹងពង្រីកដល់២ពាន់ហិកតា ហើយអាចជួលកម្មករប្រមាណ៤ពាន់នាក់»។
នោះមានអត្ថន័យថា កៅស៊ូដែលនៅក្បែរនោះនឹងត្រូវបានកាប់រានដើម្បីយកដីដាំចេកបន្ថែមទៀត។
លោកបណ្ឌិត យ៉ង សាំងកុមារ អ្នកជំនាញខាងកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឲ្យមានការគិតគូរដល់កសិករតូចៗដែលចង់ដាំចេកដែរ តាមរយៈការបណ្ដុះបណ្ដាលដំឡើងស្ដង់ដារផលិតកម្ម និងការធានាទីផ្សារសម្រាប់ពួកគេ។
លោក យ៉ង សាំងកុមារ បន្តថាចម្ការចេកស្ថិតនៅតំបន់ខ្ពង់រាប ហើយត្រូវមានការប្រុងប្រយ័ត្ននឹងសារធាតុគីមីដែលអាចប៉ះពាល់ប្រជាជន និងបរិស្ថាន។
«អ៊ីចឹងវាត្រូវហូរចូលតំបន់ណាមួយហើយ អ៊ីចឹងធ្វើម៉េចកុំឲ្យប៉ះពាល់ដល់ទឹកប៉ះពាល់ដល់ត្រីប៉ះពាល់ដល់សត្វ ប៉ះពាល់ដល់មនុស្សទាំងមូល»។
អ្នកនយោបាយដែលមានជំនាញខាងសេដ្ឋកិច្ចកសិកម្មរូបនេះ បានលើកឡើងថា កម្ពុជាត្រូវមើលសក្តានុពលនៃផលិតផលអ្វីដែលនាំចេញទៅប្រទេសចិនបាននៅពេលនេះហើយផលិតផលទាំងនោះមានច្រើន ដូចជាអង្ករ ស្វាយចន្ទី និងដំឡូងមីជាដើម។
«តែសំខាន់លើយើងទេ ថាយើងខ្លួនយើងមានស្អី ដែលយើងគិតថា ទាមទារឲ្យយើងនាំចូលស្រុកគេដោយសេរី។ អាហ្នឹងមានឬនៅឬគ្រាន់តែជាផែនការទេ?»
តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មន្ត្រីកម្ពុជាបានលើកឡើងថាខ្លួនរំពឹងថា នឹងអាចស្វះស្វែងរកការវិនិយោគបន្ថែមមកលើវិស័យកសិកម្ម និងជំរុញការផលិតក្នុងវិស័យនេះឆ្ពោះតម្រង់នាំចេញទៅកាន់ទីផ្សារចិន ៕