រដ្ឋបាលខេត្តព្រះសីហនុបានស្នើឲ្យនាយកក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ិនវេសមិន គ្រុប អិលធីឌី បើកចរាចរណ៍ជាសាធារណៈឱ្យប្រជាពលរដ្ឋចេញ-ចូល លើស្ពានកោះពស់ បន្ទាប់ពីមិនអនុញ្ញាតឲ្យឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំ ។
នេះបើយោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ សីហា ២០២០ ។
បើតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តសម្រាប់បំរើដល់វិស័យទេសចរណ៍ រដ្ឋបាលខេត្ត បាននឹងកំពុងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ជិតរួចរាល់ជាស្ថាពរទៅតាមផែនការ និងបាន រៀបចំកែលម្អ បើកលំហឆ្នេរសមុទ្រសម្រាប់ប្រជាពលរដ្ឋបានសម្រាកកម្សាន្តដោយសេរី ដែលពីមុននៅតំបន់ ឆ្នេរខ្លះបិទបាំងនិងហាមឃាត់ការចេញ-ចូលជាសាធារណៈ។ ក្នុងន័យនេះ ស្ពានកោះពស់ក៏បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណជន មានការថ្នាំងថ្នាក់ និងមិនពេញចិត្តមកលើរដ្ឋបាលខេត្ត។ ហេតុដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យបានច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករ រដ្ឋបាលខេត្តព្រះសីហនុ ស្នើដល់លោកនាយក បើកចរាចរណ៍ជាសាធារណៈនៅលើ ស្ពានកោះពស់ សម្រាប់សាធារណជនចេញ-ចូល ចាប់ពីថ្ងៃទទួលបានសេចក្តីជូនដំណឹងនេះតទៅ។
មកទល់នឹងថ្ងៃទី១៣ សីហានេះ មានរយៈពេល៣ថ្ងៃហើយ គេមិនដឹងថា ស្ពានកោះពស់ បានបើកដំណើរការតាមការស្នើសុំជាផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ ឬយ៉ាងណានោះទេ ? មិនអាចរកការសុំអត្ថាធិប្បាយបានញ្ជាក់បន្ថែមបានទេ ពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ពិសេសតំណាងក្រុមហ៊ុនកោះពស់(ខេមបូឌា)អ៊ិនវេសមិន គ្រុប អិលធីឌី ។
គួររំឮកថា ពីដំបូង ការសម្ពោធស្ពានតេជោមរកត ឬ ស្ពានកោះពស់នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ កក្កដា ឆ្នាំ២០១១ តែដោយមានសេចក្តីជូនដំណឹងពីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨មិថុនា ឆ្នាំ២០១១ កម្មវិធីសម្ពោធស្ពានថ្មីឆ្លងសមុទ្រនោះ ក៏ត្រូវលើកទៅធ្វើនៅព្រឹកថ្ងៃទី១២កក្កដា ឆ្នាំ២០១១។
ស្ពានកោះពស់ បានចាប់ដំណើរការកសាង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៨ ដោយចំណាយទឹកប្រាក់ជាង ៣១ លានដុល្លារ។ តាមគម្រោងស្ពាននោះ ត្រូវសាងសង់ចប់នៅឆ្នាំ២០១០ ប៉ុន្តែដោយសារពិភពលោកជួបវិបត្តិសេដ្ឋកិច្ច ទើបការសាងសង់ មានការយឺតយ៉ាវបន្តិច។
ស្ពានកោះពស់ ដែលមានឈ្មោះថា ” ស្ពានតេជោមរកត ” មានប្រវែង ៩០០ ម៉ែត្រ។ តែបើគិតទាំងជើងទម្រទាំងសង្ខាង ស្ពាននោះ មានប្រវែង ១០០០ ម៉ែត្រ ដោយមានកំពស់ពីផ្ទៃទឹក ៤០ ម៉ែត្រ បុកគ្រឹះចូល ក្នុងផ្ទែដីក្រោមទឹកប្រវែង ៤០ ម៉ែត្រ។ ស្ពាននេះ កសាងដោយក្រុមហ៊ុនចិន ដែលមើលទៅប្រៀបដូចឥន្នូ ចុះកណ្តាលសមុទ្រ។
គួរបញ្ជាក់ផងដែរថា ស្ពានកោះពស់នេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍកោះពស់ ជាទីក្រុងមរកត ដែលមានតម្លៃប្រមាណ ៣០០ លានដុល្លារ។ រដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Koh Puos Investment Group Ltd., ( KPIG ) របស់រុស្ស៊ី កាលពីឆ្នាំ២០០៦ ក្នុងកុងត្រារយៈពេល ៩៩ ឆ្នាំ។
កាលពីឆ្នាំ២០០៨ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសប្រធានក្រុមហ៊ុនវិនិយោគកោះពស់ ជនជាតិរុស្ស៊ី ឈ្មោះ Alexander Trofimov អាយុ ៤១ ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ១៣ ឆ្នាំ ពីបទរំលោភក្មេងស្រីកម្ពុជា ចំនួន ១៩ នាក់ ចាប់ពីអាយុ ១៣ឆ្នាំ ដល់ ១៤ ឆ្នាំ៕