នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារនិងសមិទ្ឋផលនានាក្នុងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី១៣ សីហានេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់មន្ត្រីនគរបាលនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ថា បើមន្ត្រី ឬអាជ្ញាធរ ប្ដេជ្ញាប្រឆាំងបដិវត្តព័ណ៌នោះ ត្រូវប្រឆាំងខ្លួនឯងជាមុនសិន ពោលបានន័យថា មិនរំលោភបំពានលើពលរដ្ឋឡើយ។
លោក ស ខេង បានបញ្ជាក់ទៀតថា «យើងថាប្រឆាំងដាច់ខាតបដិវត្តព័ណ៌ ឥឡូវនិយមន័យពិតប្រាកដ ប្រឆាំងបដិវត្តព័ណ៌ហ្នឹងធ្វើម៉េច មិនមែនយកកាំភ្លើងទៅបាញ់គេទេ មិនមែនទេ ធ្វើអ៊ីចឹងខុសហើយ។(មុនប្រឆាំងបដិវត្តព័ណ៌) គឺយើងត្រូវប្រឆាំងខ្លួនយើងជាមុនសិន បានន័យថា យើងធ្វើល្អជាមួយប្រជាពលរដ្ឋ។ អាហ្នឹងហើយជាអាវុធដ៏ធំបំផុត។ ចុះបើយើងអាងអំណាចយើងទៅយកដីប្រជាជន ទៅរំលោភសិទ្ធ ឬក៏ផលប្រយោជន៍ផ្សេងទៀតរបស់ប្រជាជន អាហ្នឹងគេម៉េចសុខចិត្ត គេតវ៉ាអីហ្នឹង វាត្រឹមត្រូវរបស់គេហើយ…»។
មិនតែប៉ុណ្ណោះរដ្ឋមន្ត្រីមហាផ្ទៃ ក៏ផ្ដាំមន្ត្រី និងអាជ្ញាធរទាំងអស់ថា កុំមើលឃើញតែកំហុស ឬបញ្ហាអ្នកដទៃ ដោយភ្លេចមើលបញ្ហាខ្លួនឯង។«ដូចពាក្យខ្មែរថា បើអ្នកឯងចង្អុលគេ គឺចង្អុលតែ(ម្រាម)ដៃមួយទេ តែអាម្រាមដៃ៣នេះ វាចង្អុលមកយើងវិញ»។
នេះបើតាមលោក ស ខេង ដែលបន្ថែមថា ពេលខ្លះអាជ្ញាធរ មិនត្រូវយកឈ្នះ យកចាញ់លើពលរដ្ឋពេកទេ ប៉ុន្តែត្រូវចេះសម្របសម្រួលជាមួយពួកគាត់។
ជាមួយគ្នានេះលោក ស ខេង បានឆ្លៀតលើកយកករណីបញ្ហាដីធ្លីនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញ នៅតំបន់អន្លុងថ្ម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំកន្លងមកដែរ។ លោកបានបញ្ជាក់ថា ដីធ្លីនោះ គឺប្រជាពលរដ្ឋបាននាំគ្នារស់នៅ នឹងបង្កបង្កើនផលជាយូរឆ្នាំមកហើយ ស្រាប់តែខាងក្រសួងកសិកម្ម បានទៅឆ្វៀលដីសម្រាប់ស្ដារព្រៃឈើឡើងវិញនោះ ក៏ប៉ះពាល់ដីប្រជាពលរដ្ឋតែម្ដង។ រដ្ឋមន្ត្រីមហាផ្ទៃ ដែលបានដឹងពីបញ្ហានេះ បានហាមមិនឱ្យអាជ្ញាធរប្រើប្រាស់កម្លាំងហួសហេតុ ដែលធ្វើឱ្យពលរដ្ឋរងគ្រោះជាយថាហេតុណាមួយឡើយ។
ថ្លែងចំពោះមុខអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តត្បូងឃ្មុំ លោកស ខេង បានបញ្ជាក់ដូច្នេះថា៖«មិនដឹងយ៉ាងម៉េចក្រសួងកសិកម្ម គាត់ទៅឆ្វៀលយកដីហ្នឹង ធ្វើជាស្ថានីយ(ស្ដារព្រៃឈើឡើងវិញ) វាប៉ះដីប្រជាជនកំពុងប្រើយកផលនោះ ដូចថា គាត់ដាំដំឡូង ដាំដំណាំផ្សេងទៀតយកផលប្រចាំរដូវរបស់គាត់ហ្នឹង(តែក្រសួងកសិកម្ម)ទៅឆ្វៀលយកដីគាត់ ទៅដាំដើមឈើ ។ នយោបាយបែបហ្នឹងវាត្រូវហើយ ។ ប៉ុន្តែយកដីប្រជាជនកំពុងអាស្រ័យផលយ៉ាងម៉េច ? ឥឡូវខ្ញុំកំពុងឱ្យពិនិត្យរឿងជាក់ស្ដែង ប៉ុន្តែយកកម្លាំងទៅចុះ ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាដាច់ខាត។ អត់បានទេ»។
ប្រមុខក្រសួងមហាផ្ទៃ ក៏ផ្ដាំមន្ត្រីមុខងារសាធារណៈ ទាំងស៊ីវិល និងនគរបាល ត្រូវបំពេញមុខងារតាមតួនាទីជាមន្ត្រីមុខងារសាធារណៈ ដោយប្រកាន់ខ្ជាប់វិជ្ជាជីវៈខ្លួន ហើយមិនត្រូវរើសអើង និងបែងចែកប្រជាជន ដែលមាននិន្នាការនយោបាយផ្សេងគ្នាឡើយ៕
ប្រភព ៖ Thmey Thmey