មេបក្ស«ខ្មែរឈ្នះ» ត្រូវបានចាប់ខ្លួនពីបទញុះញង់រឿងព្រំដែន

ប្រធាន​គណបក្ស «​ខ្មែរ​ឈ្នះ​» លោក សួង សុ​ភ័​ណ្ឌ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ចាត់ការ​តាម​នីតិវិធី​ច្បាប​។​

​បើ​តាម​ប្រភព​បាន​បញ្ជាក់​ថា ការ​ចាប់ខ្លួន លោក សួង សុ​ភ័​ណ្ឌ ដែល​គេ​ស្គាល់​ថា​ធ្លាប់​ជា​សកម្មជន​បក្ស​ប្រឆាំង​និង​បឹង​កក់ គឺ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៤ សីហា ២០២០​នេះ ដោយ​ត្រូវ​បាន​គេ​អះអាង​ថា​ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​(​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន​)​។​

​បើ​តាម​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុ​ជ គឹ​ម​ឡុ​ង បាន​បញ្ជាក់​ប្រាប់​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា លោក សួង សុ​ភ័​ណ្ឌ ពិតជា​ត្រូវ​បាន​ចាប់ខ្លួន​មែន ក្នុង​បទល្មើស​ជាក់ស្តែង​ទាក់ទង​នឹង​ការ​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន និង​ការ​ចោទប្រកាន់​មួលបង្កាច់​ទម្លាក់​កំហុស លើ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​ថា ប្រព្រឹត្ត​បទល្មើស​ក្បត់ជាតិ​»​។​

​ជា​ការ​កត់សម្គាល់ លោក សួង សុ​ភ័​ណ្ឌ ក្លាយជា​ជន​ទី​២​ហើយ ដែល​ត្រូវ​សមត្ថកិច្ច​រាជរដ្ឋាភិបាល​ចាប់ខ្លួន ដោយ​ត្រូវ​ជាប់ចោទ​ពី​បទល្មើស​ជាក់ស្តែង​ញុះញង់​បំភ្លៃ​ការ​ពិត​លើ​បញ្ហា​ព្រំដែន​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​បន្ទាប់​ពី​លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃ​ទី​០១ សីហា ២០២០ ក្នុង​បទល្មើស​ស្រ​ដៀង​គ្នា​នេះ ៕