ពលរដ្ឋដែលជាជនរងគ្រោះប្រមាណចំនួន១០នាក់ បានសម្រេចនាំគ្នាដាក់ពាក្យប្តឹងចូលសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីទាមទាររកយុត្តិធម៌ពាក់ព័ន្ធករណីទំនាស់ដីធ្លីទំហំ ១១៣ហិកតា ស្ថិតនៅចំណុចអូរស្វារអិល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
យោងតាមពាក្យបណ្តឹងចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ បានបញ្ជាក់ថា ជនរងគ្រោះបានប្តឹងមនុស្សចំនួន ១៧នាក់ ដែលនៅក្នុងចំណោមនោះក៏មានលោក ប៉ាល់ សេដ្ឋា អតីតចៅសង្កាត់និមិត្ត, លោក ង៉ោ ម៉េងជ្រួន អតីតអភិបាលក្រុងប៉ោយប៉ែត លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ (អតីតប្រធានការិយាល័យភូមិបាលក្រុងប៉ោយប៉ែត) និងលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ (អតីតប្រធានសុរិយោដីខេត្តបន្ទាយមានជ័យ) ។
នៅព្រឹកថ្ងៃទី១៣ សីហានេះ មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីអស់លោកមន្ត្រីដែលរងការចោទប្រកាន់ពីពលរដ្ឋខាងលើ ។
ក្រុមប្រជាពលរដ្ឋ បានប្តឹងអ្នកទាំង ១៧នាក់ពីបទក្លែងបន្លំឯកសារ, បទប្រើប្រាស់ឯកសារសាធារណៈក្លែង, បទបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជីដីធ្លី, បទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារ, បទសមគំនិតក្នុងអំពើប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទ សមគំនិតក្នុងអំពើបំភាន់មន្ត្រីសុរិយោដីក្នុងការចុះបញ្ជីដីធ្លី ។
នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក៍បានបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ៥១គ្រួសារ បានទទួលដីទាំងអស់នោះពីរដ្ឋចែក និងកាន់កាប់ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ លុះដល់ឆ្នាំ២០១៥ឈ្មោះ ទុយ វ៉ាន់នី ជាមេក្លោង និងបក្ខពួក បានលួចធ្វើប្លង់រឹងយកដីរបស់ប្រជាពលរដ្ឋ ដោយមានមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញខាងលើជាអ្នកជួយជ្រោមជ្រែង សហការគប់គិតគ្នាបំភាន់ និងបន្លំឯកសារលួចចុះបញ្ជីយកដីរបស់ប្រជាជនទំហំ ១១៣ហិកតា យកទៅធ្វើជាកម្មសិទ្ធិដោយទុច្ចរិត ៕