យុវជន៦នាក់ ត្រូវចាប់ខ្លួនអំឡុងពេលពួកគេតវ៉ាទាមទារដោះលែងលោក រ៉ុង ឈុន

មន្ត្រី​សិទ្ធិ​មនុស្ស និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន ៦​នាក់ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ឱ្យ​ដោះ​លែង លោក​រ៉ុ​ង ឈុ​ន ត្រូវ​បាន​ចាប់​ឃាត់ខ្លួន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​អ្នក​នាង ណា​លី ពី​ឡូ​ក នាយិកា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ បាន​ប្រាប់​វី​អូ​ឌី​ថា តាម​ព័ត៌មាន​ដែល​អ្នក​នាង​ទទួល​បាន គឺ​មាន​សកម្មជន​ជា​យុវជន​ចំនួន ៦​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់​ឃាត់ខ្លួន​នៅ​រសៀល​នេះ រួម​មាន ឈ្មោះ ហ៊ុន វណ្ណៈ​, ឈឿ​ន ដា​រ៉ា​វី​, សំណាង​, ឡា​វី​, សៀង​ហៃ និង​គ​ន្ធី​ន ដែល​ក្នុង​ចំណោម​ពួក​គេ​ភាគច្រើន​ជា​សមាជិក​ក្រុម​យុវជន​ថាវរៈ​។​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេ​ត មាន​ប្រសាសន៍​ថា សមត្ថ​កិ​ច្ច្ពិ​ត​ជា​បាន​ចាប់ខ្លួន​មនុស្ស​ទាំង ៦​នាក់​នោះ​ពិតមែន ក្នុង​នោះ មាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​តុលាការ និង​៥​នាក់​ទៀត ជា​បទល្មើស​ជាក់ស្តែង​។​

​លោក​ថា​៖ «​មក​ដល់​ពេល​នេះ​[​ម៉ោងជាង​៦​ល្ងាច​នេះ​] យើង​ឃាត់​បាន ៦​នាក់​ហើយ ក្នុង​នោះ​ប្រុស​៣​នាក់ ស្រី​៣​នាក់​។ មាន​ម្នាក់​យើង​ចាប់​តាម​ដីកា ហើយ​ប៉ុន្មាន​នាក់​ទៀត​នោះ ជា​បទល្មើស​ជាក់ស្តែង ដោយសារ​ពួក​គេ​បង្ក​ភាព​រញ៉េរញ៉ៃ និង​បង្ក​អសន្តិសុខ​[​សង្គម​] ដូច​ជា​ទៅ​Live​ទៅ​អីហ្នឹង​»​។​

​លោក រ៉ុ​ង ឈុ​ន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា និង​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​បន្ទាប់ ក្រោម​បទ​ចោទ​ថា ញុះញង់​ឱ្យ​មានការ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​។​

​ក្រោយ​ការ​ឃុំខ្លួន​លោក​រ៉ុ​ង ឈុ​ន ក្រុម​សាច់ញាតិ និង​យុវជន​ខ្មែរ​ថាវរៈ ព្រមទាំង​សកម្មជន​មួយ​ចំនួន បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ធ្វើ​យុទ្ធនាការ​តាម​ដង​វិ​ថី​មួយ​ចំនួន ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​លោក រ៉ុ​ង ឈុ​ន​។

​ពាក់ព័ន្ធ​នឹង​ករណី​នេះ កាលពី​ថ្ងៃ​ទី​៣ ខែសីហា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តីណែនាំ​មួយ ដោយ​ចាត់​ទុក​សកម្មភាព​ជួបជុំ​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រក្រតី​ភាព​សង្គម សណ្តាប់ធ្នាប់​សាធារណៈ លំហូរ​ចរាចរណ៍ និង​ប្រាស​ចាស​ពី​គោលការណ៍​ច្បាប់​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា រាល់​ការ​ជួប​ប្រជុំ​ប្រមូលផ្តុំ​តវ៉ា​ទាំងអស់ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្រប​តាម​ច្បាប់ និង​ការ​ណែនាំ​នានា ស្តី​ពី ការ​បង្ការ​-​ទប់ស្កាត់​ការ​រីក​រាលដាល​ការ​ចម្លង​វីរុស​កូ​វី​ដ​១៩​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែម​ថា​៖ «​រាល់​សកម្មភាព​ជួប​ប្រជុំ​ប្រមូលផ្តុំ ដែល​គ្មាន​ការ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ទុកជា​ទ​ង្វើ​ខុសច្បាប់​[​ស្តី​ពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​] ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​»​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​យុ​វន​ខ្មែរ​ថាវរៈ សាច់ញាតិ​លោក​រ៉ុ​ង ឈុ​ន និង​សកម្មជន​ប្រមាណ ៥០​នាក់ រួម​ទាំង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក​សួង សុ​ភ័​ណ្ឌ បាន​នាំ​គ្នា​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​មួយ​នេះ ដោះ​លែង​លោក​រ៉ុ​ង ឈុ​ន ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ និង​សន្តិសុខ​ខណ្ឌ​៧​មក​រា រារាំង និង​រុញច្រាន​ចេញពី​ទីនោះ​។​

​ក្នុងអំឡុងពេល​ប៉ះទង្គិច​គ្នា​នោះ កញ្ញា ឈឿ​ន ដា​រ៉ា​វី អាយុ ២៩​ឆ្នាំ បាន​អះអាង​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​ទាញ​យក​កាបូប​របស់​គាត់​ទៅ​បាត់ ដោយ​ក្នុង​ការ​បូ​ប​នោះ​មាន​លុយ​និង​សម្ភារៈ​មួយ​ចំនួន ទើប​នៅ​រសៀល​នេះ ពួក​គេ​នៅ​បន្ត​រង​ចាំ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​យក​កាបូប​នោះ​មក​វិញ​៕

ប្រភព ៖ VOD