នៅក្នុងឆ្នាំ២០២០នេះ កម្ពុជានឹងបាត់បង់ប្រាក់ចំណូលជាតិពីវិស័យទេសចរណ៍ប្រមាណ៣០០០លានដុល្លារ ដោយសារមេរោគកូវីដ១៩ ។
នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលថ្លែងកាលពីព្រឹកមិញក្នុងកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ និងគណៈកម្មការទី៧នៃរដ្ឋសភាជាតិ ។
របាយការណ៍ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិ ត្រឹម១,១៨លាននាក់ ប៉ុណ្ណោះ។ ចំនួននេះគឺបានធ្លាក់ចុះ៦៤,៦ភាគរយ បើធៀបមនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ ការធា្លក់ចុះនៃចំនួនភ្ញៀវទេសចរនេះដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មក្នុងវិស័យទេសចរណ៍បិទទ្វារអស់ជាង ៣ពាន់ទីតាំង និងមនុស្សដែលធ្វើការងារផ្ទាល់ក្នុងវិស័យនេះ បាត់បង់ការងារចំនួន៥ម៉ឺននាក់ ដោយគិតត្រឹមតែដើមខែសីហានេះប៉ុណ្ណោះ។
បើតាមលោក ថោង ខុន នៅក្នុងឆ្នាំ២០២០នេះ កម្ពុជាធ្លាប់រំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៧លាននាក់ និងនាំមកនូវប្រាក់ចំណូលជាង៥០០០លានដុល្លារ និងនៅឆ្នាំ២០៣០ នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ១៥លាននាក់ ហើយទទួលបានចំណូលប្រមាណ១០ពាន់លានដុល្លារ។ លោកបន្តថា ដោយសារកូវីដ១៩ នឹងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាដើរថយក្រោយរយៈពេល៥ឆ្នាំ ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បន្តថា សម្រាប់ឆ្នាំ២០២០នេះ កម្ពុជាអាចទទួលភ្ញៀវអន្តរជាតិបានប្រហែល ២លាននាក់ប៉ុណ្ណោះ ខណៈមុនមានវិបត្តិកូវីដ-១៩ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរ រហូតទៅដល់ជាង៧លាននាក់ ។
យ៉ាងណាបើតាមលោក ថោង ខុន ចំនួនភ្ញៀវទេសចរដែលបាត់បង់ដោយសារជំងឺកូវីដ-១៩នេះ នឹងងើបឡើងវិញ ២,៥លាននាក់ នៅក្នុងឆ្នាំ២០២១ ប្រសិនបើជំងឺកូវីដ-១៩ លែងមាន ឬពិភពលោកអាចទប់ស្កាត់ជំងឺនេះបាននៅខែធ្នូ ឆ្នាំ២០២០ ឬដើមឆ្នាំ២០២១។
នៅមុនមានវិបត្តិកូវីដ-១៩ជាសកលលោកនេះ កម្ពុជាបានភ្ញៀវទេសចរអន្តរជាតិចំនួន៦,៦១លាននាក់ និងទទួលចំណូលពីវិស័យទេសចរណ៍រហូតជិត៥,០០០លានដុល្លារ ដែលបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០១៩កន្លងមក។ ចំណូលនេះបានចូលរួមចំណែកប្រមាណ១៣ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)៕