រដ្ឋសភាជាតិ បានចុះហត្ថលេខាលើកិច្ចសន្យាជួល Consultant Archetype Cambodia Ltd ដើម្បីប្រឹក្សាលើគម្រោងសាងសង់អាគាររដ្ឋបាលដែលជាអំណោយរបស់រដ្ឋាភិបាលវៀតណាម តម្លៃ ២៥លានដុល្លារសហរដ្ឋអាមេរិក។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ National Assembly of Cambodia ដែលគេស្គាល់ថាជាផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភា ។
បើតាមគណនីដដែល ពិធីចុះហត្ថលេខាខាងលើ បានប្រព្រឹត្តទៅនៅសាលប្រជុំបាយ័ន នៃវិមានរដ្ឋសភាជាតិ នារសៀលថ្ងៃទី១៤ សីហា ២០២០នេះ ក្រោមអធិបតីភាពលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្គរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាសមាជិក សមាជិការដ្ឋសភា ជាច្រើនរូបទៀត ៕