លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រឿងព្រំដែនមិនមែនជារឿងលេងសើចទេ កុំញុះញង់ឱ្យមានសង្គ្រាមជាមួយប្រទេសជិតខាង ហើយថារឿងព្រំដែនឈប់រញ៉េរញ៉ៃ ប្រសិនបើអ្នកណានិយាយចេញមកប៉ុណ្ណាចាប់ប៉ុណ្ណឹង ។
លោក ហ៊ុន សែន ថ្លែងខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ សីហា ២០២០នេះក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់លោកឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាការកត់សម្គាល់ ការលើកឡើងរបស់លោកប្រមុខរាជរដ្ឋាភិបាលខាងលើនេះដែរ បានធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និង លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ក៍ដូចជាក្រុមយុវជនមួយចំនួនទៀត ពាក់ព័ន្ឋនឹងបទចោទថាជាបទល្មើសជាក់ស្តែងនិងបទញុះញង់លើបញ្ហាព្រំដែនកម្ពុជាវៀតណាម ។
នៅព្រឹកមិញ លោក ហ៊ុន សែន បានពន្យល់និងបញ្ជាក់ថា ផែនទីប្រើសម្រាប់កំណត់ព្រំដែនជាមួយប្រទេសវៀតណាម គឺបន្សល់ដោយបារាំង មិនមែនជាផែនទីកំណត់ដោយខ្មែរនោះទេ ហើយថា ការរៀបចំព្រំដែនរវាងកម្ពុជា និងវៀតណាម បានធ្វើតាមផែនទីបោន ១/១០០ ០០០ និងផែនទី UTM ១/៥០ ០០០។ សម្រាប់ផែនទី ១/២៥ ០០០ គឺធ្វើឡើងដើម្បីងាយស្រួលក្នុងការមើលនិយាមការលើព្រំដែនជាក់ស្តែង ហើយថ្ងៃទី២៧ ប្រគល់ដល់ខេត្តជាប់ព្រំដែនវៀតណាម។
បើតាមលោក ហ៊ុន សែន ភូមិខ្មែរមួយចំនួនដែលចូលទៅភាគីវៀតណាម ដោយសារតែខ្សែបន្ទាត់ព្រំដែនរបស់បារាំងបានគូសបែបនោះ ហេតុនេះហើយទើបកម្ពុជា និងវៀតណាម បានព្រមព្រៀងគ្នាក្នុងការដោះដូរដីភូមិរៀងៗខ្លួន តាមរយៈខ្សែផែនទីនេះ កម្ពុជាទទួលបានដីពីវៀតណាមប្រមាណ២០០០ហិកតា ដែលដីនេះនឹងត្រូវយកទុកជាដីសម្បទានសង្គមកិច្ច។
លោកនាយករដ្ឋមន្ត្រីថ្លែងដោយចោទសួរថា ស្នេហាជាតិអីតែក្រុមប្រឆាំងហ្នុង ? បើសិនជាដីខ្មែរបាត់រាល់ថ្ងៃដូចការចោទរបស់គេនោះ ខ្មែរអស់ដីហើយ។កុំចោទរាជរដ្ឋាភិបាលថាផ្តាច់ការ ព្រោះការនិយាយរឿងព្រំដែនមិនមែនជាការបញ្ចេញមតិនោះទេ។ លោកបន្តថា ក្រុមប្រឆាំងបានលើកឡើងច្រើនដងហើយលើបញ្ហាព្រំដែន ហើយលោកក៏បានបកស្រាយច្រើនដងរួចហើយ ព្រមទាំងក្នុងរដ្ឋសភាផងដែរ។ ព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង មិនស្ថិតនៅលើមាត់របស់ក្រុមប្រឆាំងទេ គឺស្ថិតនៅលើច្បាប់អន្តរជាតិ។
លោកបានចោទសួរក្រុមប្រឆាំងទៀតថា ស្នេហាជាតិអីតែខ្លួនឯង តើព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាលមិនស្នេហាជាតិទេអី ?៕