ក្រុមហ៊ុនសណ្ឋាគារឋានសួគ៌សុខាដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោនិងដែលគេដឹងថាវិនិយោគដោយក្រមហ៊ុនសុខារបស់លោកឧកញ៉ា សុខ គង់ មិនអនុញ្ញាតឲ្យភ្ញៀវជាតិនិងអន្តរជាតិយកម្ហូបអាហារទៅទទួលទាន និងឈប់សម្រាកលំហែកាយនៅតាមផ្លូវសាធារណៈឡើងលើភ្នំបូកគោ ដោយហេតុផលក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាប្រមូលសំរាម។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនសណ្ឋាគារឋានសួគ៌បូកគោ ចុះថ្ងៃទី២១ កក្កដា ២០២០ និងដែលត្រូវបានគេចែកចាយបន្តនៅលើបណ្តាញសង្គមហ្វេសប៊ុក ។
យ៉ាងណាក៍ដោយ នៅម៉ោង១១និង៤២នាទីថ្ងៃត្រង់ថ្ងៃទី១៦ សីហា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបានទេពីតំណាងក្រុមហ៊ុនសុខា និង ក្រុមហ៊ុនសណ្ឋាគារឋានសួគ៌បូកគោ ។
រមណីយដ្ឋានភ្នំបូកគោកម្ពស់១០៧៥ម៉ែត្រ ស្ថិតនៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានចាត់ទុកជាទីតាំងប្រវត្តិសាស្ត្រ ដោយសារតែរមណីយដ្ឋាននេះ មានបន្សល់ទុកនូវអគារចំណាស់ៗជាច្រើន ដែលត្រូវបានកសាងឡើងក្នុងសម័យអាណានិគមនិយមបារាំង។
ក្រៅពីនោះក៏មានផងដែរ ទីតាំងវប្បធម៌និងកម្សាន្តផ្សេងទៀតដូចជា៖ វត្តសំពៅប្រាំ ទឹកជ្រោះធម្មជាតិ តំបន់ពពកវិល និងវាលស្រែមួយរយជាដើម។ រាជ
រដ្ឋាភិបាលកម្ពុជាបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនសុខា របស់លោកឧកញ៉ាសុខ គង់ អភិវឌ្ឍរមណីយដ្ឋានភ្នំបូកគោ នៅឆ្នាំ២០០៨។ ក្រោយការសាងសង់ចប់សព្វគ្រប់ ក្រុមហ៊ុនសុខា បានបើករមណីយដ្ឋានភ្នំបូកគោនៅឆ្នាំ២០១២ ដោយដាក់ឈ្មោះថ្មីថា «រមណីយដ្ឋានឋានសួគ៌បូកគោ»៕