លោក ហ៊ុន សែន ៖ រឿងព្រំដែនឈប់រញ៉េរញ៉ៃ ចេញមកប៉ុន្មានចាប់ប៉ុណ្ណឹង

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា រឿង​ព្រំដែន​មិនមែន​ជា​រឿង​លេងសើច​ទេ កុំ​ញុះញង់​ឱ្យ​មាន​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង ហើយ​ថា​រឿង​ព្រំដែន​ឈប់​រញ៉េរញ៉ៃ ប្រសិនបើ​អ្នក​ណា​និយាយ​ចេញ​មក​ប៉ុណ្ណា​ចាប់​ប៉ុណ្ណឹង ។​

​លោក ហ៊ុន សែន ថ្លែង​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ សីហា ២០២០​នេះ​ក្នុង​ពិធី​បើក​សម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ស្ថិត​នៅ​សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជា​ការ​កត់សម្គាល់ ការ​លើក​ឡើង​របស់​លោក​ប្រមុខ​រាជរដ្ឋាភិបាល​ខាងលើ​នេះ​ដែរ បាន​ធ្វើ​ឡើង បន្ទាប់​ពី​មានការ​ចាប់ខ្លួន​លោក រ៉ុ​ង ឈុ​ន ប្រធាន​សហភាព​សហជីព​កម្ពុជា និង លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ក៍​ដូច​ជា​ក្រុម​យុវជន​មួយ​ចំនួន​ទៀត ពាក់​ព័​ន្ឋ​នឹង​បទ​ចោទ​ថា​ជា​បទល្មើស​ជាក់ស្តែង​និង​បទ​ញុះញង់​លើ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ។​

​នៅ​ព្រឹក​មិ​ញ លោក ហ៊ុន សែន បាន​ពន្យល់​និង​បញ្ជាក់​ថា ផែនទី​ប្រើ​សម្រាប់​កំណត់ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម គឺ​បន្សល់​ដោយ​បារាំង មិនមែន​ជា​ផែនទី​កំណត់​ដោយ​ខ្មែរ​នោះ​ទេ ហើយ​ថា ការ​រៀបចំ​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម បាន​ធ្វើ​តាម​ផែនទី​បោ​ន ១/១០០ ០០០ និង​ផែនទី UTM ១/៥០ ០០០​។ សម្រាប់​ផែនទី ១/២៥ ០០០ គឺ​ធ្វើ​ឡើង​ដើម្បី​ងាយស្រួល​ក្នុង​ការ​មើល​និយាម​ការ​លើ​ព្រំដែន​ជាក់ស្តែង ហើយ​ថ្ងៃ​ទី​២៧ ប្រគល់​ដល់​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​។​

​បើ​តាម​លោក ហ៊ុន សែន ភូមិ​ខ្មែរ​មួយ​ចំនួន​ដែល​ចូល​ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ខ្សែបន្ទាត់​ព្រំដែន​របស់​បារាំង​បាន​គូស​បែប​នោះ ហេតុនេះ​ហើយ​ទើប​កម្ពុជា និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដោះ​ដូរ​ដី​ភូមិ​រៀង​ៗ​ខ្លួន តាម​រយៈ​ខ្សែ​ផែនទី​នេះ កម្ពុជា​ទទួល​បាន​ដី​ពី​វៀតណាម​ប្រមាណ​២០០០​ហិ​កតា ដែល​ដី​នេះ​នឹង​ត្រូវ​យក​ទុកជា​ដី​សម្បទាន​សង្គមកិច្ច​។​

​លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ដោយ​ចោទសួរ​ថា ស្នេហា​ជាតិ​អី​តែ​ក្រុមប្រឆាំង​ហ្នុ​ង ? បើសិនជា​ដី​ខ្មែរ​បាត់​រាល់ថ្ងៃ​ដូច​ការ​ចោទ​របស់​គេ​នោះ ខ្មែរ​អស់​ដី​ហើយ​។​កុំ​ចោទ​រាជរដ្ឋាភិបាល​ថា​ផ្តាច់​ការ ព្រោះ​ការ​និយាយ​រឿង​ព្រំដែន​មិនមែន​ជា​ការ​បញ្ចេញមតិ​នោះ​ទេ​។ លោក​បន្ត​ថា ក្រុមប្រឆាំង​បាន​លើក​ឡើង​ច្រើន​ដង​ហើយ​លើ​បញ្ហា​ព្រំដែន ហើយ​លោក​ក៏​បាន​បកស្រាយ​ច្រើន​ដង​រួច​ហើយ ព្រមទាំង​ក្នុង​រដ្ឋសភា​ផង​ដែរ​។ ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង មិន​ស្ថិត​នៅ​លើ​មាត់​របស់​ក្រុមប្រឆាំង​ទេ គឺ​ស្ថិត​នៅ​លើ​ច្បាប់​អន្តរជាតិ​។​

​លោក​បាន​ចោទសួរ​ក្រុមប្រឆាំង​ទៀត​ថា ស្នេហា​ជាតិ​អី​តែ​ខ្លួនឯង តើ​ព្រះមហាក្សត្រ រដ្ឋសភា រាជរដ្ឋាភិបាល​មិន​ស្នេហា​ជាតិ​ទេ​អី ?៕