បុរសនិងស្ត្រីម្នាក់ជាប្តីប្រពន្ឋនឹងគ្នាបានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងជាង៨ព្រឹកថ្ងៃទី១៦ សីហា ២០២០ នៅចន្លោះគីឡូម៉ែត្រ ១១២-១១៣ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
បើតាមសមត្ថកិច្ច រថយន្ដដែលបុកពីរនាក់ប្តីប្រពន្ឋស្លាប់នោះ ម៉ាកNissan ក្បាលពណ៌ខៀវ ស្លាកលេខ ចង្កូតស្ដាំ PP- 2313 ។ រីឯ២នាក់ប្ដីប្រពន្ធដែលរងគ្រោះជិះម៉ូតូម៉ាក Wave ពណ៌ក្រហម ។ប្តីដែលជាអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកស្ត្រីដែលគេអះអាងថាជាប្រពន្ឋមានឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ប្រភពបន្តថា ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ដបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុតែត្រូវកម្លាំងល្បាតរបស់អាវុធហត្ថស្រុកកំពង់សិលា សហការជាមួយខាងមន្ត្រីនគរបាល ធ្វើការឃាត់ទាំងរថយន្ដនិងអ្នកបើកបរបាននៅចំណុចគីឡូម៉ែត្រលេខ ១០៧-១០៨ ។
បើតាមសមត្ថកិច្ចដែលធ្វើការទាក់ទងទៅសាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា បុរសរងគ្រោះ មុនពេលកើតហេតុ បានទូរសព្ទប្រាប់កូនឲ្យចាំទទួល បន្តិចទៀតពុកនិងម៉ែទៅដល់ហើយ ហេីយក្រោយពេលទទួលបានព័ទ៌មានអកុសលនេះ ធ្វើឲ្យកូនៗយំសោកសង្រេងស្ទើរឆ្កួត។
បច្ចុប្បន្ន ទាំងអ្នកបើកបរនិងរថយន្ដ ត្រូវបានបញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា រង់ចាំចាត់ការតាមនីតិវិធីច្បាប់។
ចំណែកសាកសពជនរងគ្រោះ ត្រូវដឹកយកទៅតម្កល់នៅវត្តស្ទឹងច្រាលដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕