បើតាមរូបភាពដែលគេមើលពីកោះពេជ្រ ឬ ពីត្រើយម្ខាងនៃតំបន់អរិយក្សត្រ គេនឹងឃើញការបូម ចាក់ដី ថ្ម និងខ្សាច់លុបទន្លេនៅខាងមុខកោះនរាហ៍បាននិងកំពុងធ្វើយ៉ាងសកម្ម ហើយក៍បានចាក់បំពេញនិងសង់ចាក់គ្រឹះជុំវិញអស់ហើយដែរ នៅឡើយតែផ្ទៃទឹកខាងក្នុងដែលចាក់បំពេញជុំវិញមួយចំនួនទៀតតែប៉ុណ្ណោះ ។
មកទល់នឹងពេលនេះដែរ ហាក់ដូចជាមិនទាន់មានការពន្យល់បកស្រាយណាមួយឲ្យបានច្បាស់លាស់អំពីចរន្តទឹកដែលហូរចូលទន្លេបាសាក់ និងទន្លេមេគង្គក្រោមពីសំណាក់មន្ត្រីជំនាញក្រសួងស្ថាប័នពាក់ព័ន្ឋជុំវិញការចាក់ដីបំពេញលុបទន្លេពីសំណាក់ក្រុមហ៊ុន OCIC ដើម្បីអភិវឌ្ឍន៍ដូចកោះពេជ្រនោះនៅឡើយទេ បើទោះបីជាមានការបារម្ភអំពីបញ្ហាចរន្តទឹក ឬបរិស្ថានពីមជ្ឈដ្ឋាននិងពលរដ្ឋមួយចំនួននោះក្តី។
យ៉ាងណាក៍ដោយ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្លាប់បានថ្លែងប្រាប់ RFA ថា ការចាក់បំពេញដីលុបទន្លេនៅមុខកោះនរាហ៍នោះ គឺមានការសិក្សាជាមុនរួចរាល់អស់ហើយ តែលោកមិនបានបង្ហាញលម្អិតនោះទេ ។
ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ បានសិទ្ធិវិនិយោគពីរដ្ឋាភិបាល កាលពីខែតុលា ឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍកោះនរា ជាទីក្រុងទំនើបមួយទៀត លើផ្ទៃដី ប្រមាណ ១០០ហិកតា ដែលបានមកពីការលុបទន្លេមេគង្គនេះ មានលក្ខណៈស្រដៀងគ្នានឹងទីក្រុងកោះពេជ្រដែរ។ គម្រោងនេះ នឹងចំណាយទឹកប្រាក់ប្រមាណពីរពាន់ (២.០០០) លាន ដុល្លារអាមេរិក ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខ។ ផ្ទៃទឹកទន្លេដែលត្រូវចាក់លុបមានទទឹង ៤០០ ទៅ ៥០០ម៉ែត្រចាប់ពីច្រាំងទន្លេ និងបណ្ដោយមានប្រវែងខ្ទង់ ៤គីឡូម៉ែត្រ ដែលគិតជាផ្ទៃក្រឡាអាចលើសពី១០០ហិកតា ៕