ការចាក់និងបូមដីលុបទន្លេមុខកោះនរាហ៍កំពុងធ្វើយ៉ាងសកម្ម

បើ​តាម​រូបភាព​ដែល​គេ​មើល​ពី​កោះ​ពេជ្រ ឬ ពី​ត្រើយម្ខាង​នៃ​តំបន់​អរិយ​ក្សត្រ គេ​នឹង​ឃើញ​ការ​បូម ចាក់​ដី ថ្ម និង​ខ្សាច់​លុប​ទន្លេ​នៅ​ខាង​មុខ​កោះន​រា​ហ៍​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម ហើយក៍​បាន​ចាក់​បំពេញ​និង​សង់​ចាក់​គ្រឹះ​ជុំវិញ​អស់ហើយ​ដែរ នៅឡើយ​តែ​ផ្ទៃ​ទឹក​ខាងក្នុង​ដែល​ចាក់​បំពេញ​ជុំវិញ​មួយ​ចំនួន​ទៀត​តែ​ប៉ុណ្ណោះ ។​

​មក​ទល់​នឹង​ពេល​នេះ​ដែរ ហាក់ដូចជា​មិន​ទាន់​មានការ​ពន្យល់​បកស្រាយ​ណាមួយ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ចរន្តទឹក​ដែល​ហូរ​ចូល​ទន្លេបាសាក់ និង​ទន្លេមេគង្គ​ក្រោម​ពី​សំណាក់​មន្ត្រី​ជំនាញ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ជុំវិញ​ការ​ចាក់​ដី​បំពេញ​លុប​ទន្លេ​ពី​សំណាក់​ក្រុមហ៊ុន OCIC ដើម្បី​អភិវឌ្ឍន៍​ដូច​កោះ​ពេជ្រ​នោះ​នៅឡើយ​ទេ បើ​ទោះបីជា​មានការ​បារម្ភ​អំពី​បញ្ហា​ចរន្តទឹក ឬ​បរិស្ថាន​ពី​មជ្ឈដ្ឋាន​និង​ពលរដ្ឋ​មួយ​ចំនួន​នោះ​ក្តី​។​

​យ៉ាងណា​ក៍ដោយ ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ធ្លាប់​បាន​ថ្លែងប្រាប់ RFA ថា ការ​ចាក់​បំពេញ​ដី​លុប​ទន្លេ​នៅ​មុខ​កោះន​រា​ហ៍​នោះ គឺ​មានការ​សិក្សា​ជា​មុន​រួចរាល់​អស់ហើយ តែ​លោក​មិន​បាន​បង្ហាញ​លម្អិត​នោះ​ទេ ។​

​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី (OCIC) របស់​ឧកញ៉ា ពុង ឃាវ​សែ បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល កាលពី​ខែតុលា ឆ្នាំ​២០១៨ ដើម្បី​អភិវឌ្ឍ​កោះន​រា ជាទី​ក្រុង​ទំនើប​មួយទៀត លើ​ផ្ទៃដី ប្រមាណ ១០០​ហិ​កតា ដែល​បាន​មក​ពី​ការ​លុប​ទន្លេមេគង្គ​នេះ មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ទីក្រុង​កោះ​ពេជ្រ​ដែរ​។ គម្រោង​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់ (២.០០០) លាន ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​។ ផ្ទៃ​ទឹកទន្លេ​ដែល​ត្រូវ​ចាក់​លុប​មាន​ទទឹង ៤០០ ទៅ ៥០០​ម៉ែត្រ​ចាប់ពី​ច្រាំង​ទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​អាច​លើស​ពី​១០០​ហិ​កតា ៕