រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ ដែលមានទីតាំងស្ថិតនៅខាងកើតវិមានឯករាជ្យ ក្បែរកាស៊ីណូណាហ្កា ត្រូវបានប្រជាពលរដ្ឋមួយចំនួនមើលឃើញថា ហាក់នៅឯកាដោយពុំសូវឃើញមានប្រជាពលរដ្ឋ ពិសេសពុទ្ឋបរិស័ទទៅអុជធូបបួងសួងសុំសេចក្តីសុខចម្រើន ផ្ទុយទៅវិញនៅក្នុងបរិវេណរូបសំណាកសម្តេចព្រះសង្ឃរាជ គឺមានបរិស្ថានមិនល្អដោយសារជនអគតិមួយចំនួនតូចបោះចោលសម្រាមផ្សេងៗនៅទីនោះ ។
ក្រៅពីនេះ រូបសំណាករបស់ព្រះអង្គក៍របករបើកថ្នាំ មើលទៅមិនសមនឹងព្រះគុណតម្លៃនិងកិត្តិនាមរបស់ព្រះអង្គដែលខ្មែរភាគច្រើនចាត់ទុកព្រះអង្គជាអ្នកប្រាជ្ញមួយព្រះអង្គ ព្រោះស្ទើរតែពេញមួយព្រះជន្ម ព្រះអង្គបានដាក់ព្រះកាយនិងព្រះបញ្ញាញាណដើម្បីអក្សរសាស្ត្រជាតិ និង វប្បធ៌មទំនៀមទម្លាប់ប្រពៃណីខ្មែរ ។
សម្ដេចព្រះសង្ឃរាជ ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ឆស័ក ព.ស.២៤២៧ គឺថ្ងៃទី១១ ខែ មីនា គ.ស.១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ដេចមានព្រះជាតិក្នុងត្រកូលកសិករ ព្រះមាតានៃសម្ដេចនាម យក់ ព្រះបិតានាម ព្រហ្ម ជួន។ គ្រួសារនេះមានបុត្រតែពីរនាក់គឺ អង្គសម្ដេចព្រះសង្ឃរាជ និងលោកឧកញ៉ាសោភណ្ឌមន្ត្រី ជួន នុត ជាព្រះអនុជនៃ សម្ដេចព្រះសង្ឃរាជ។
សម្ដេចកាលឋិតនៅក្នុងកុមារភាព មានព្រះជន្មាយុរវាង១២ឆ្នាំ ព្រះមាតាបិតាបាននាំយកទៅផ្ទុកផ្ដាក់ឲ្យរៀនសូត្រអក្សរសាស្ត្ររបស់ជាតិក្នុងសំណាក់លោកគ្រូសូត្រស្ដាំនាម កែវ ម៉ន វត្តពោធិព្រឹក្ស ហៅវត្តពោល្យំ សង្កាត់រលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
លុះសម្ដេចមានព្រះជន្មាយុ១៤ឆ្នាំ បានបួសជាសាមណេរ ក្នុងថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៤៤១ គ.ស.១៨៩៧ នៅបំពេញកិច្ចសិក្សានាវត្តពោធិព្រឹក្ស អស់រយៈកាលពីរឆ្នាំ ទើបចេញអំពីវត្តពោធិព្រឹក្សទៅរៀនសូត្រព្រះបរិយត្តិធម៌ ឯវត្តឧណ្ណាលោម ក្រុងភ្នំពេញ ក្នុងសំណាក់ព្រះពុទ្ធគ្រូ ទេព សោ នាកុដិថែវប្របកំពែងខាងជើងក្នុងកាលព.ស.២៤៤៣ គ.ស.១៨៩៩។
សម្ដេច លុះបានព្រះជន្មាយុគម្រប់២១ព្រះវស្សាបានទ្រង់និមន្តត្រឡប់ទៅសូមឧបសម្បទាជាភិក្ខុ ក្នុងវត្តពោធិព្រឹក្សដែលជាវត្តដើមវិញ ដោយមានព្រះតេជព្រះគុណ ព្រះពុទ្ធឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោជាព្រះឧបជ្ឈាយ៍ កាលលោកនៅជាចៅអធិការវត្តពោធិព្រឹក្សមានព្រះតេជព្រះគុណ កែ ម៉ន មិស្សនាគោ ជាគ្រូសូត្រស្ដាំ និងព្រះតេជព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជាគ្រូសូត្រឆ្វេង សូត្របំពេញកិច្ចឧបសម្បទានៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៤៨ គ.ស.១៩០៤។ សម្ដេចទ្រង់ទទួលព្រះនាមប្បញ្ញត្តិថា ជោតញ្ញាណោ លុះទ្រង់បំពេញឧបសម្បទាជាភិក្ខុភាពរួចហើយ ទ្រង់ក៏និមន្តត្រឡប់មកគង់នៅវត្តឧណ្ណាលោម ទទួលការសិក្សាគន្ថធុរៈវិញទៀត។
សម្ដេចព្រះសង្ឃរាជ មានសេចក្ដីព្យាយាមប្រកបដោយថាមពលដ៏ក្លៀវក្លាក្នុងការសិក្សា ទាំងផ្នែកភាសាបាលី ទាំងផ្នែកភាសាឯទៀតៗ មានភាសាបារាំងជាដើម។ ការសិក្សារបស់សម្ដេចព្រះសង្ឃរាជ មានជោគជ័យប្រសើរណាស់ ឃើញមានតែសម្ដេចសង្ឃរាជដែលរៀនចម្រើនលូតលាស់ មានល្បឿនឈ្នះលោកឯទៀតៗ។ សម្ដេចចាប់រៀនដំបូងមេសូត្រ ប្រែមូលកច្ចាយនៈ និងគម្ពីរធម្មបទអំពីព្រះពុទ្ធឃោសាចារ្យព្រះនាម ម៉ា កេត ដែលជាព្រះឧបជ្ឈាយ៍ នៃសម្ដេចព្រះសង្ឃរាជ។
សម្ដេចព្រះសង្ឃរាជ ដែលទ្រង់ចាប់រៀនវិជ្ជាណាមួយ មានវិជ្ជាបាលីជាដើម គឺរៀនដោយយកព្រះទ័យទុកដាក់ ខិតខំប្រឹងប្រែង ឥតមានបន្ធូរបន្ថយក្នុងការសិក្សានោះឡើយ។
សម្ដេចទ្រង់ទទួលការសិក្សានោះគឺ សិក្សាដោយឆន្ទៈដ៏មានកម្លាំងមែនទែន ពុំមែនសិក្សាវិជ្ជាណាមួយដោយលេងៗ ទេ។ វិជ្ជាខាងភាសាបាលី ភាសាសំស្ក្រឹត និងភាសាបារាំង សុទ្ធតែវិជ្ជាដែលប្រដាប់ដោយវេយ្យាករណ៍ហ្មត់ចត់ ជ្រាលជ្រៅលំបាករៀន លំបាកយល់ជាទីបំផុត ប៉ុន្តែសម្ដេចអាចរៀន អាចយល់ច្បាស់លាស់ ដោយឆាប់រហ័សគួរឲ្យកោតសរសើរពន់ពេកណាស់។
សម្ដេចទ្រង់ចេះដឹងយល់ធ្លុះធ្លាយចំពោះវេយ្យាករណ៍គ្រប់ភាសា ដែលសម្ដេចបានរៀន មានវេយ្យាករណ៍បាលីសំស្ក្រឹតជាដើម ទាំងអក្សរសាស្ត្ររបស់ជាតិ និងពាក្យពេចន៍ក្នុងផ្នែកវប្បធម៌បុរាណក៏សម្ដេចចេះចាំយល់ហេតុផលជាច្រើនណាស់។ ភាសាសៀម ភាសាលាវ និងភាសាបារាំង ដែលសម្ដេចបានរៀន អាចនិយាយប្រាស្រ័យទាក់ទងនឹងជនជាតិសៀម ជាតិលាវ និងជាតិបារាំងបាន។ សម្ដេចឈ្លាសវៃប្រសព្វយកតម្រាប់តាមសំឡេងភាសាជាតិដទៃៗឲ្យស្រដៀង ឬដូចភាសាជាតិដទៃបាន។ ភាសាអង់គ្លេស និងភាសាវៀតណាម ក៏សម្ដេចបានរៀន អាចមើល សរសេរនិយាយ ប្រាស្រ័យបានច្រើនដែរ។
ក្នុងសម័យដែលសម្ដេចកំពុងសិក្សាវិជ្ជាខាងបាលីក្នុងរវាងគ.ស.១៩១០ ឃើញថាសម្ដេចមានព្រះកិត្តិស័ព្ទល្បីថា ជាព្រះថេរៈ ស្ទាត់ជំនាញពូកែខាងភាសាបាលី អាចនិយាយភាសាបាលីបានជាងភិក្ខុ សាមណេរឯទៀត ដែលរៀនជាមួយគ្នាក្នុងសម័យនោះ។
នៅព.ស.២៤៥៧ គ.ស.១៩១៣ សម្ដេចទ្រង់បានចូលប្រឡងដេញប្រយោគក្នុងព្រះឧបោសថរតនារាម វិហារព្រះកែវមរកត ចំពោះព្រះភ័ក្ត្រព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិបាន៤ប្រយោគ ដែលជាប្រយោគជាន់ខ្ពស់បំផុតក្នុងសម័យនោះ។
ព.ស.២៤៥៩ គ.ស.១៩១៥ សម្ដេចទ្រង់បានប្រឡងជាប់លេខ២ បានទទួលការតែងតាំងជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ ដែលសព្វថ្ងៃមានឈ្មោះជាពុទ្ធិកវិទ្យាល័យសុរាម្រឹត។
ក្រៅពីភាសាខ្មែរ ដែលសម្ដេចទ្រង់បានស្រាវជ្រាវយល់ឫសគល់ពិតប្រាកដ សម្ដេចបានសិក្សាភាសាបាលី អាចអាន ឬសន្ទនាតាមសំនៀងជាតិបរទេសបានទាំងអស់ គឺសំនៀងលង្កា ភូមា មន សៀម និងលាវ ឥតមានទើសទាក់់ភ្លាំងភ្លាត់ឡើយ។
ព.ស.២៤៦៦ និង២៤៦៧ គ.ស.១៩២២ និង១៩២៣ សម្ដេចកាលនៅជាព្រះគ្រូសង្ឃសត្ថា (ជាមួយនឹងសម្ដេចព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាលនៅជាព្រះគ្រូសង្ឃវិជ្ជា) បានធ្វើជាសមណៈសិស្ស និមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកជាដើម នៅសាលាបារាំងសែសចុងបូព៌ាប្រទេស នាក្រុងហាណូយ (វៀតណាមខាងជើង) ក្នុងសំណាក់លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិបារាំងសេស ជាចាងហ្វាងសាលានេះ។
សម្តេចព្រះសង្ឃរាជ ទ្រង់សុគតនៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ត្រូវនឹងថ្ងៃ២៥ កញ្ញា ១៩៦៩ វេលាម៉ោង២០និង២០នាទី ក្នុងគម្រប់ព្រះជន្ម៨៦ព្រះវស្សា ៕